ភ្នំពេញ៖ ក្រោយពីជម្លោះរវាងមន្រ្តីគយប៉ុស្តិ៍ព្រែកចាក និងក្រុមអ្នកកាសែត បែកផ្សែង ហើយត្រូវបានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាំគ្នាចែករំលែកតៗគ្នាព្រោងព្រាត ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងនោះ ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត មានប្រតិកម្មជុំវិញបញ្ហានេះ…។

យោងតាមវីដេអូឃ្លីប ដែលត្រូវបានគេបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ បង្ហាញថា ជម្លោះរវាងអ្នកសារព័ត៌មាន១ក្រុម និងមន្ត្រីមេគយប៉ុស្តិ៍ព្រែកចាក យ៉ាងតឹងសរសៃរកដាក់គ្នា ដោយក្រុមអ្នកសារព័ត៌មាន ចោទប្រកាន់លោក យី ថុល ជាមន្រ្តីគយប្រចាំខេត្តកំពត បានប្រើអំណាចរបស់ខ្លួនឆក់យកទូរស័ព្ទរបស់អ្នកកាសែតកំពុងថតយកសកម្មភាពនៅទីនេះ បង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកសារព័ត៌មាន និងបន្តចោទប្រកាន់ថា មន្ត្រីមេគយខាងលើ បើកដៃឲ្យឈ្មួញដឹកទំនិញចេញដោយមិនបានត្រួតពិនិត្យត្រឹមត្រូវ ពោលគឺយកតែលុយប្រព្រឹត្តអំពើពុករលួយ។

ជុំវិញនឹងជម្លោះរវាងក្រុមអ្នកសារព័ត៌មាន ជាមួយមន្រ្តីគយប៉ុស្តិ៍ព្រែកចាក នេះ លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់សម្តេចតេជោ បានប្រតិកម្មសរសេរសារបង្ហោះតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោកជំទាវ កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ថា «ខ្ញុំកាន់តែឆ្ងល់ថាក្រសួងព័ត៌មានលោកគិតយ៉ាងណាចំពោះអ្នកការសែត ពួកគាត់គ្រាន់តែជាអ្នកសារព័ត៌មាន ហេតុអីតាំងខ្លួនជាតុលាការ បើគយខុស យើងអាចយកភ័ស្ថុតាងទៅតាមផ្លូវច្បាប់មិនមែនដើរស្រែកតាមផ្លូវសាធារណៈថាគេជាចោរ ជាមន្ត្រីថោកទាប ជាអ្នកសម្លាប់រាស្ត្រតាមចិត្តខ្លួននោះទេ ទោះយ៉ាងណា គយគាត់ជាមន្ត្រីរបស់រាជរដ្ឋាភិបាលក្នុងឯកសណ្ឋានកំពុងបំពេញការងារដែរ ។

ម្យ៉ាងទៀតខ្ញុំមើលយូរៗទៅមន្ត្រីស្រុកខ្មែរហាក់ដូចជាគ្មានតំលៃអីសោះដល់ពេលអ្នកកាសែតធ្វើបែបៗ នេះចឹងទៅ ប្រទេសមានច្បាប់តើ ហេតុអីម្នាក់ៗ ចូលចិត្តធ្វើអីមិនគិតមុខក្រោយ ។ ឱអ្នកកាសែតអើយកុំធ្វើលើសពេក អរគុណច្រើនហើយដែរជួយយកព័ត៌មាននោះ !! តែមេត្តាធ្វើអោយល្អៗផងកុំអោយខូចដល់អ្នកកាសែតដែលគេល្អនោះ» ៕