រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចេញ​មក​ប្រកាស​ទាត់​ចោលការ​ចោទប្រកាន់​ទាំងឡាយ​ណា​ថា មន្ទីរ​បាន​ដោះ​លែង​មុខសញ្ញា ជា​ថ្នូរ​នឹង​ទឹកប្រាក់​ខ្ទង់ពាន់​ដុល្លារ ។

លោក​បានមានប្រសាសន៍បែបនេះ​នៅ​រសៀល​ថ្ងៃ​ទី​២៨ ឧសភា ២០១៩ ដោយលោក​ប្រាប់​​ថា ការ​ចោទប្រកាន់​ថា មន្ទីរ​ដោះ​លែង​ជនល្មើស ជា​ថ្នូរ​នឹង​លុយ​ខ្ទង់ពាន់​ដុល្លារ ទំនងជា​ទទួល​បាន​ព័ត៌មាន​ខុស​ពី​ការ​ពិត ។ លោក​បន្ត​ថា មាន​ជន​ឆបោក​ខ្លះ បាន​ដើរតួ​និង​រត់ការ​ដោះ​លែង​អ្នក​ពាក់ព័ន្ធ​គ្រឿងញៀន ដោយ​យកឈ្មោះ​ថ្នាក់ដឹកនាំ​មន្ទីរ​ទៅ​ភូត​កុហក​ក្រុម​គ្រួសារ​របស់​ជនល្មើស​ទៅ​វិញ​ទេ ។

ការ​ចេញ​មក​បដិសេធ​នេះ បន្ទាប់​ពី​មាន​ព័ត៌មាន​ត្រូវ​បាន​ចែកចាយ​បន្តបន្ទាប់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​«​ស្ត្រី​ម្នាក់​អះអាង​ថា ប្តី​របស់​គាត់ ត្រូវ​បាន​កម្លាំង​នគរបាល​មន្ទីរ​គ្រឿងញៀន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៩ នៅ​ម្តុំ​វត្ត​នាគ​វ័​ន្ត ក្នុង​រាជធានី ភ្នំពេញ ។ ប្តី​របស់​គាត់ មិន​បាន​ប្រើប្រាស់ ឬ​ក៏​ជួញដូរ​គ្រឿងញៀន ដូច​ប៉ូលិស​ចោទប្រកាន់ នោះ​ទេ ។ ប៉ូលិស​ចាប់ខ្លួន​ប្តី​របស់​គាត់ គឺ​បាន​នាំ​យក​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៅ​ក្នុង​អគ្គស្នងការ​នគរបាល​ជាតិ ជិត​ស្ពាន​អាកាស​ក្បាលថ្នល់ ដោយ​ប៉ូលិស បាន​ធ្វើ​របាយការណ៍​ថា ប្តី​របស់​គាត់​ជា​អ្នក​ជួញដូរ​គ្រឿងញៀន ហើយ​បើ​ចង់​សម្របសម្រួល ដោះ​លែង​វិញ​ត្រូវ​បង់លុយ ឲ្យ​ប៉ូលិស​ចំនួន​២០០០​ដុល្លារ (២​ពាន់​ដុល្លារ​) ។ ក្រោយមក​ដោយ​គាត់ និង​ក្រុម​គ្រួសារ សុំ​អង្វរ ប៉ូលិស​នោះ ទើប​ខាង​មន្ទីរ​គ្រឿងញៀន ចុះថ្លៃ​សល់​ត្រឹម​១០០០​ដុល្លារ​(១​ពាន់​ដុល្លារ​) ។

ករណី​នេះ លោក​ផ្កាយ​បី ឡឹ​ក វណ្ណៈ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​អាទិត្យ​មុន​នេះ ខ្ញុំ​ចាប់​បុរស​ម្នាក់ និង​បញ្ជូន​ទៅ​តុលាការ ដោយ​បុរស​ម្នាក់​នេះ​មានឈ្មោះ វី ផានិត អាយុ​៣៤​ឆ្នាំ ប្រើ​ល្បិច​ធ្វើ​ជា​អ្នក​ស្គាល់​នាយ​រង និង​ការិយាល័យ ហើយ​ដើរមក​ក្បែរ​បន្ទប់ រួច​ចេញ​ទៅ​ប្រាប់​ក្រុម​គ្រួសារ​អ្នក​ពាក់ព័ន្ធ​គ្រឿងញៀន​វិញ​ថា រូបគេ​មាន​លទ្ធភាព​ជួយ​បាន ពេល​នោះ​ក្រុម​គួ​សារ​ក៏​ឲ្យ​លុយ​ទៅ រូបគេ​ក៏​ស៊ីដាច់​បាត់​» ។ ព្រោះ​មាន​ករណី​ខ្លះ ពួក​ជនខិលខូច ចាំ​លួច​ស្តាប់​ខ្យល់ ពេល​ដឹង​ថា សមត្ថកិច្ច​អនុញ្ញាតិ​ឲ្យ​អាណាព្យាបាល ធានា​ជន​ញៀន​ថ្នាំ យក​ទៅ​អប់រំ ព្យាបាល​ក្នុង​សហគមន៍ ជន​ឆបោក​ទាំងនោះ ក៏​ឆ្លៀត​មក​ប្រាប់​ក្រុម​សារ​ថា ប៉ូ​លី​សយ​ក​លុយ​ប៉ុណ្ណេះ យក​លុយ​ប៉ុណ្ណោះ​ទៅ ។

លោក​ផ្កាយ​បី ឡឹ​ក វណ្ណៈ បន្ថែម​ថា មិនមែន​លោក​ចង់​បដិសេធ​ការ​រិៈ​គន់ ដើម្បី​ស្ថាបនា​របស់​អ្នក​សារព័ត៌មាន​ទេ ប៉ុន្តែ​ពេល​ខ្លះ អ្នក​យក​ព័ត៌មាន​មិន​បាន​ស៊ីជម្រៅ ក៏​ចុះ​ផ្សាយ​ទៅ ហើយ​ក៏​មានការ​ប៉ះពាល់​ដល់​ស្ថាប័ន ដូច្នេះ សុំ​ឲ្យ​អ្នក​សារព័ត៌មាន​ដាក់​ឲ្យ​ចំ​ឈ្មោះ​បុគ្គល​អ្នក​ប្រព្រឹត្ត​នោះ​ទៅ ដើម្បី​យើង​មាន​វិធានការ​តាម​វិន័យ​ប៉ូ​លី​ស និង​ច្បាប់​ជាតិ ។

ទាក់ទិន​ទៅ​នឹង​ករណី​ខាងលើ​នេះ លោកនាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​បន្ទុក​គ្រឿងញៀន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុងស្រុក នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា ២០១៩ នេះ​ថា «​លោក មិន​បានដឹង​រឿង​នេះ​ទេ ប៉ុន្តែ​លោក​នឹង​ស្រាវជ្រាវ និង​ចាត់វិធានការ​លើ​រឿង​នេះ​» ។

នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បញ្ជាក់​ថា មាន​មន្ត្រី​ខ្លះ​ខូច​ដែរ ដើរ​យក​លុយ​យក​កាក់​ពី​ប្រជាពលរដ្ឋ ដើម្បី​ដោះ​លែង កូនចៅ​សាច់ញាតិ ។ លោក​ក៏​បាន​ស្នើ​ឱ្យ​សាច់ញាតិ ដែល​មាន​កូនចៅ ឬ​បងប្អូន ដែល​នគរបាល​ចាប់ខ្លួន​ហើយ ទារ​លុយ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ពាក់ព័ន្ធ​គ្រឿងញៀន​នោះ សូម​ទាក់ទង​មក លោក ដើម្បី​លោក​ហៅ​មន្ត្រី​ប៉ូលិស​នោះ​មក​សាកសួរ និង​ចាត់វិធានការ​តាម​ច្បាប់ ។ ទោះជា​យ៉ាងណា កន្លង​មក ក៏​មាន​ករណី​ប្រជាពលរដ្ឋ​ប្តឹង​កម្លាំង​នគរបាល ដែល​យក​លុយ​ពី​ជនសង្ស័យ ឬ​ក្រុម​គ្រួសារ ក្នុង​រឿង​គ្រឿងញៀន ទាំងនេះ​ដែរ ហើយ​ត្រូវ​លោក​ក៏​បាន​ហៅ​មន្ត្រី​ប៉ូលិស​ទាំងនោះ មក​បញ្ឈរជើង​ផង​ដែរ ៕