ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀង និងជាអតីតតារាកំប្លែង នាយចឺម បានបង្ហាញមុខគូស្នេហ៍ស្រស់សោភាសាច់ខ្ចី វ័យក្មេង ដំណាលគ្នានឹងផ្ទះវីឡាស្កឹមស្កៃ ដែលបានសាងសង់រួចរាល់ស្ទើរតែ១០០ភាគរយហើយនោះ ធ្វើឲ្យមហាជនគ្រប់មជ្ឈដ្ឋានភ្ញាក់ផ្អើល និងលាន់មាត់សរសើរគ្រប់គ្នា។

ផ្ទះវីឡាស្កឹមស្កៃ មានតម្លៃជាង២សែនដុល្លារអាមេរិកនោះ នាយចឺម សាងសង់ជូនអ្នកមានគុណទាំងពីរ ដើម្បីបង្ហាញពីភាពកត្តញ្ញូដ៍ជ្រាលជ្រៅបំផុត។
ជាមួយគ្នានេះ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ រូបនេះ បានបង្ហាញមុខគូស្នេហ៍ស្រីថ្មី មានរូបរាងស្រឡូនស្រស់សោភា មិនចាញ់តារាសម្តែងឡើយ។

បើតាមប្រភពអ្នកជិតដិតអតីតតារាកំប្លែងរូបនេះ បានឲ្យដឹងថា គូស្នេហ៍ថ្មីរបស់នាយចឺម នោះ ឈ្មោះ គៀត បេឡា ហៅ Je Far ជាតារាសម្តែង និងបង្ហាញម៉ូត និងមានការដឹងឮពីចាស់ទុំទាំងសងខាង ។

ប្រភពដដែលបានឲ្យដឹងទៀតថា នាយចឺម អាចរកប្រាក់ចំណូលពីការច្រៀងលើឆាកតន្ត្រីនៅតាមបណ្ដាខេត្តនានា ចាប់ពីជាង២ពាន់ដុល្លារអាមេរិក ឡើងទៅក្នុងមួយលើកៗ ដូចនេះមិនមានអ្វីដែលចម្លៃកទេដែលតារារូបនេះអាចសន្សំប្រាក់ សង់ផ្ទះវីឡាស្កឹមស្កៃ មានតម្លៃជាង២សែនដុល្លារអាមេរិក ជូនអ្នកមានគុណទាំងពីរ និងរកបានគូស្នេហ៍ថ្មីស្រស់សោភានោះ ។
នាយចឺម គ្រោងប្រកាសយកគូស្មេហ៍ថ្មី ជាគូអនាគត និងធ្វើពិធីឡើងផ្ទះថ្មី នៅថ្ងៃខួបកំណើតរបស់ខ្លួន ក្នុងអំឡុងខែមេសា កន្លងមកនេះ ប៉ុន្តែដោយសារផ្ទះថ្មីមិនទាន់សាងសង់រួចរាល់ ទើបពិធីឡើងផ្ទះថ្មី ពិធីខួបកំណើត និងប្រកាសគូស្មេហ៍ថ្មី ជាសាធារណៈនេះ ត្រូវបានពន្យាពេល ៕