ភ្នំពេញ៖ រថយន្តដឹកអេស្កាវទ័រមួយគ្រឿង អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន បើកទាក់ខ្សែភ្លើង បណ្ដាលទាញបាក់បង្គោលភ្លើងបំភ្លឺផ្លូវអស់ចំនួន២ដើម ធ្លាក់ខ្សែភ្លើងរាយប៉ាយពេញផ្លូវ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចស្ពានលូទឹកស្អុយ តាមបណ្តោយផ្លូវលេខ៣៣៦កែងផ្លូវ២៥១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

មុនពេលកើតហេតុ គេបានឃើញរថយន្តហីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B 5678 ដឹកអេស្កាវទ័រធ្វើដំណើរតាមបណ្តោយផ្លូវ៣៣៦ ក្នុទិសដៅពីកើតទៅលិច តែដោយសារការដឹកខ្ពស់ពេក ក៏ទាក់និងខ្សែភ្លើងទទឹងផ្លូវ បណ្ដាលឲ្យទាញបង្គោលភ្លើង ដែកបាក់អស់១ដើម ។ ចំណែកបង្គោលថ្មរងការបាក់បែក និងធ្លាក់ខ្សែភ្លើងរាយប៉ាយពេញផ្លូវ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញ មកយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕