ខេត្តស្ទឹងត្រែង៖ សំឡេងផ្ទុះនៅលើអាកាសលាន់ឮកក្រើកតំបន់ព្រំដែនកម្ពុជាឡាវ និងមានបំណែកដែកមួយចំនួនធ្លាក់ពីលើមេឃមកលើទឹកដីខ្មែរ ឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៩នេះ ត្រូវបានអាជ្ញាធរឡាអះអាងថា ជាបំណែកយានអវកាសរបស់ប្រទេសចិន។

លោកឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា បំណែកដែកធ្លាក់ដោយការផ្ទុះពីលើអាកាសនៅលើឃុំចំនួន២ គឺឃុំអូរស្វាយ និងឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ជាប់ព្រំដែនជាមួយប្រទេសឡាវនោះ មិនទាន់ដឹងពីមូលហេតុនៃសម្លេងផ្ទុះនៅឡើយទេ ហើយករណីនេះ សមត្ថកិច្ចបានប្រមូលបំណែកដែកធ្លាក់យកទៅរក្សាទុក និងបានរាយការណ៍ជូនទៅថ្នាក់លើរង់ចាំជំនាញចុះមកពិនិត្យ។

ដោយឡែក ប្រភពព័ត៌មានពីសមត្ថកិច្ចនៅព្រំដែនបានឲ្យដឹងថា អាជ្ញាធរឡាវ បានជូនដំណឹងមកអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជា ថា សំឡេងផ្ទុះកាលម៉ោងជាង៦ព្រឹក ថ្ងៃទី២៣ ខែឧសភា នោះ គឺជាយានអវកាសរបស់ប្រទេសចិនហោះឡើងទៅលើ ហើយបានផ្ទុះជាបំណែក ធ្លាក់មកលើខេត្តចំនួន៥ នៅភាគខាងត្បូងនៃប្រទេសឡាវ និងធ្លាក់ចូលមកលើទឹកដីរបស់កម្ពុជា ដែលជាប់ព្រំដែនជាមួយប្រទេសឡាវ៕