ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានបើកម៉ូតូ១គ្រឿងឌុបគ្នា ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនបរទេស កាលពីវេលាម៉ោង២ និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ១០៩ កែងផ្លូវលេខ៨១ នៅចំណុចមុខវិទ្យាល័យវត្តកោះ ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ តែចំថ្ងៃស៊យ មិនបានសម្រេច ត្រូវពលរដ្ឋព័ទ្ធចាប់បាន និងបញ្ចេញកំហឹងម្នាក់១ដៃ ម្នាក់១ជើង បណ្តាលឲ្យជនសង្ស័យរងរបួសធ្ងន់សល់តែដង្ហើមចង្រិត ទើបប្រគល់ឲ្យសមត្ថកិច្ចយកទៅចាត់ការតាមផ្លូវច្បាប់។

ជនសង្ស័យជាចោរឆក់អស់លក្ខណ៍នេះ មានឈ្មោះជី ម៉ាប់ អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិកណ្តាល សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅ ភូមិព្រៃកប្បាស ឃុំត្រពាំងស្វាយ ស្រុកព្រៃកប្បាស ខេត្តតាកែវ និងម្នាក់ទៀត មានឈ្មោះលី សម្បត្តិ ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌចម្ការមន។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនជាតិបរទេសកំពុងតែឈរចុចទូរស័ព្ទដៃ នៅលើផ្លូវលេខ៦៣ ខណៈពេលនោះមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Z-0122 ធ្វើដំណើរពីត្បូងទៅជើង រួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិបរទេសនោះ តែមិនបានសម្រេច ហើយមានបុរសម្នាក់មានចិត្តស្អប់ចោរបើករថយន្តតូយ៉ូតាព្រូសមួយគ្រឿងដេញតាមជនសង្ស័យបាន ត្រូវប្រជាពលរដ្ឋនៅទីនាំគ្នាមានចិត្តស្អប់ចោរស្រាប់ បានបញ្ចេញកំហឹងម្នាក់មួយដៃមួយជើងទ្រមខ្លួន ដេកសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចខាងប៉ុស្តិ៍បឹងកេងកង១ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ យកជនសង្ស័យទាំង២នាក់មកឃុំខ្លួនបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕