ភ្នំពេញ៖ លោកខាន់ សុវណ្ណ អ្នកលេងបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ បានចូលបំភ្លឺនៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ ចំនួន៥ករណី នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ ។

លោកខាន់ សុវណ្ណ ប្តឹងលោក ផែង វណ្ណៈ ចំនួន៥ករណីជាបទល្មើសព្រហ្មទណ្ឌ ក្នុងនោះមានបទហិង្សាដោយចេតនា, គំរាមថានឹងសម្លាប់, បរិហារកេរ្តិ៍ជាសាធារណៈ, ជេរប្រមាថជាសាធារណៈ និងគំរាមកំហែងហែកកេរ្តិ៍។
លោក ខាន់ សុវណ្ណ បានថ្លែងថា តុលាការមានគោលបំណងចង់បានចម្លើយរបស់លោក ថាតើនៅបន្តចំពោះបណ្តឹងដែលបានប្តឹងចូលតុលាការដដែល ឬមានការកែប្រែ មុនសំណុំរឿងនេះត្រូវបន្តនីតិវិធី។

សូមបញ្ជាក់ថា លោក ខាន់ សុវណ្ណ ដែលគេស្គាល់ថា អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ បានដាក់ពាក្យបណ្ដឹងចូល សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្ដឹងលោក ផែង វណ្ណៈ និងបក្ខពួកចំនួន៥បទល្មើស ព្រមទាំងទាមទារសំណងនៃការខូចខាត និងជំងឺចិត្តរហូតជាង១លានដុល្លារអាមេរិក។

លោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចាប់ឃាត់ខ្លួននៅវេលាម៉ោង១០ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ តាមដីការបស់ព្រះរាជអាជ្ញាបញ្ជាឱ្យចូលខ្លួន ដើម្បីសាកសួរពាក់ព័ន្ធនឹងករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ។ ក្រោយមកលោកត្រូវបានតុលាការ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន។

ការចាប់ឃាត់ខ្លួនលោក ផែង វណ្ណៈ ធ្វើឡើងបន្ទាប់ពីមេធាវីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក ផែង វណ្ណៈ ពីបទប្រើប្រាស់បណ្តាញសង្គម Facebook ផ្សព្វផ្សាយដល់សាធារណជន គោលបំណងបរិហាកេរ្តិ៍ជាសាធារណៈលើសម្តេចតេជោ ហ៊ុន សែន និងមានចេតនាពេញទី គោលបំណងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលជាអំពើផ្ទុយនឹង បញ្ញត្តិមាត្រា៣០៥ និងបញ្ញត្តិមាត្រា ៤៩៤-៤៩៥ នៃក្រមព្រហ្មទណ្ឌ៕