ភ្នំពេញ ៖ រយៈពេល​ប្រមាណ​ជា​៣​ថ្ងៃ​កន្លង​ទៅ​នេះ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Van Soroth បាន​បង្ហាញ​នូវ​រឿងរ៉ាវ ដែល​សាច់ញាតិ​របស់​ខ្លួន​មាន​ជម្ងឺ​ធ្ងន់ធ្ងរ ហើយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ប៉ុន្តែ​ខាង​ក្រុម​គ្រូពេទ្យ​នៅ​ខ្មែរ រក​មិនឃើញ​ថា មាន​ជម្ងឺ​អ្វី​នោះ​ទេ ។

គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល​នេះ អោយ​ដឹង​ថា ទាំង​ដែល​បងប្រុស​របស់​លោក មាន​បញ្ហា​នោម រហូត​ដល់​ធ្លាក់ឈាម ដោយ​សម្រាក​ព្យាបាល​មិនឃើញ​មាន​អ្វី​ប្រសើរ​ឡើង ហើយ​អ្នកជម្ងឺ​កាន់តែ​ធ្ងន់ ក្រុម​គ្រួសារ​ក៏​សម្រេច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ឯ​ប្រទេស​វៀតណាម ។ នៅ​ពេល​ទៅ​ដល់​វៀតណាម គេ​រក​ឃើញ​បញ្ហា​រលាក​តំរងនោម​ធ្ងន់ធ្ងរ ហូរ​ឈាម​ច្រើន​ពេក​ធ្វើ​អោយ​សរសៃឈាម​ស្ងួត និង​ស្វិត ។

លោក Van Soroth បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​ប៉ះ​សាច់​ខ្លួនឯង​ទើប​ដឹង​ថា ឈឺចាប់​យ៉ាងណា​ថា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត (​ហៅ​មន្ទីរពេទ្យ​រុ​ស្សី​) យ៉ាង​មិច បើសិនជា​ក្រុម​គ្រួសារ​របស់ខ្ញុំ​មានការ​យឺតយ៉ាវ​ក្នុង​កា​រប​ញ្ចូ​ន​បងប្រុស​របស់ខ្ញុំ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​វៀតណាម​ច្បាស់​ជា​ម៉ោង​នេះ ខ្ញុំ​កំពុង​ធ្វើ​បុណ្យសព​អោយ​បងប្រុស​របស់ខ្ញុំ​ហើយ​» ។

ក្រោយ​ពី​មានការ​បង្ហោះ​នូវ​ករណី​នេះ មាន​មហាជន​ជា​ច្រើន​សម្តែង​ខកចិត្ត​ជា​ខ្លាំង ចំពោះ​បញ្ហា​នេះ ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​បាត់​ទំនុកចិត្ត​លើ​វិស័យ​សុខាភិបាល​កម្ពុជា ។ ក្នុង​នោះ​ក៏​មានការ​សំណូមពរ​ពី​មហាជន​ឲ្យ​មានការ​បកស្រាយ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ផង​ដែរ ។

ស្រាប់តែ​នៅ​រសៀល​ម៉ោង​៣​និង​៣៨​នាទី​ថ្ងៃ​ទី​២៣ ឧសភា​នេះ លោក Van Soroth បានអោយ​ដឹង​បន្ថែម​ថា «​អ្វី​ដែល​ខ្ញុំ​ផុស គឺជា​ភាព​ឈឺចាប់​របស់ខ្ញុំ​ផ្ទាល់ និង​ក្រុម​គ្រួសារ​របស់ខ្ញុំ ដែល​មិន​អាច​ទទួលយក​បាន​ចំពោះ​គ្រូពេទ្យ​មួយ​ចំនួន តែ​មិន​ទាំងអស់​ទេ នៅ​មន្ទី​ពេទ្យ​រុ​ស្ស៊ី ដែល​មិន​បាន​បម្រើ​ប្រជា​ពល​ដោយ​ឆន្ទៈ និង​វិជ្ជាជីវៈ ដែល​ខ្លួន​មាន ។ ឥឡូវនេះ មាន​មនុស្ស​មួយ​ចំនួន​កំពុង​តែ​លាប​ព​ណ៍​ខ្ញុំ​ជា​មនុស្ស​ពួក​ប្រឆាំង (​សង្គ្រោះ​ជាតិ​) រាយការណ៍​ទៅ​ថ្នាក់ដឹកនាំ ។ រឿង​អាយុជីវិត​កើត​លើ​គ្រួសារ​អ្នក សាច់ញាតិ​អ្នក​ទើប​អ្នក​ឈឺចាប់​កំរិត​ណា ឈប់​លាប​ព​ណ៍​ខ្ញុំ​ទៅ​» ។

ទោះជា​យ៉ាងណា អ្នក​សារព័ត៌​មាននៅ​មិន​ទាន់​ទទួល​បានការ​បកស្រាយ​ពី​សំណាក់​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៣ ខែឧសភា ២០១៩ នេះ ៕