ភ្នំពេញ៖ នារីវ័យក្មេងជាអ្នកចម្រៀងម្នាក់ ត្រូវថៅកែវង់តន្រ្តីរបស់ខ្លួន តាមរករឿងបង្កហិង្សាធ្លាប់វាយបែកក្បាលដេរ៥ថ្នេរ ព្រោះតែខឹងតាមសុំស្នេហ៍នាងមិនបាន ធ្វើឲ្យនាងមិនអាចទទួលយកនូវទង្វើរបស់ថៅកែរូបនេះលែងបាន ក៏ធ្វើដំណើរទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងទាមទារសំណងជំងឺចិត្តចំនួន៣ម៉ឺនដុល្លារ។
នារីរងគ្រោះមានឈ្មោះប្រាក់ ផាន់នី ហៅអមរា អាយុ១៩ឆ្នាំ ជាអ្នកចម្រៀង តាមវង់តន្រ្តី ។ ចំណែក បុរសជាថៅកែតន្ត្រី ដែលរងការចោទប្រកាន់ មានឈ្មោះហុង ហ្សែន អាយុ៣៨ឆ្នាំ មានលំនៅក្នុងបុរីឡាយគង់ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ។

នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា ថៅកែតន្រ្តីឈ្មោះហុង ហ្សែន បានស្រឡាញ់តាមសុំស្នេហ៍ជាយូរមកហើយ តែនាងប្រកែកជានិច្ច ព្រោះនាងដឹងថា បុរសខាងលើមានប្រពន្ធកូនរួចទៅហើយ ។ មូលហេតុនេះហើយ ទើបឈ្មោះហុង ហ្សែន តែងតែតាមព្យាបាទ និងតាមប្រើអំពើហិង្សាដាក់នាងចំនួន៤លើកមកហើយ ហើយថែមទាំងប្រើពាក្យគំរាមថា “បើអញយកនាងឯងមិនបានទេ អ្នកណាក៏មិនអាចយកនាងឯងបានដែរ! អញនឹងតាមព្យាបាទនាងឯង រកទីបញ្ចប់គ្មានឡើយ!”។

នារីចម្រៀងខាងលើបញ្ជាក់ថា ជននេះ បានបើអំពើហិង្សាដាក់នាង លើកទី១ នៅខេត្តក្រចេះ លើកទី២ នៅខេត្តស្វាយរៀង លើកទី៣ នៅក្រុងប៉ោយប៉ែត (ពេលនោះនាងបែកក្បាល ដេរអស់៥ថ្នេរ) និងលើកទី៤ នៅខណ្ឌដង្កោ ធ្វើឲ្យនាងមិនអាចទទួលយកទង្វើរបស់ជននេះលែងបាន ទើបសម្រេចចិត្តដាក់ពាក្យបណ្តឹងចូលទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ ជួយរកយុត្តិធម៌ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ដោយទាមទារសំណងជំងឺចិត្តចំនួន៣ម៉ឺនដុល្លារ។

លោកស សោភ័ណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ បានបញ្ជាក់ថា លោកពិតជាបានទទួលពាក្យបណ្តឹងពីកញ្ញាប្រាក់ ផាន់នី ប្រាកដមែន តែដោយរកដំណោះស្រាយរវាងភាគីទាំងពីរមិនបាន ទើបលោកក៏បានបញ្ជូនសំណុំរឿងនេះ ទៅទីកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីដោះស្រាយបន្ត។
ជុំវិញនឹងការចោទប្រកាន់ខាងលើនេះ “KBN” មិនអាចទាក់ទងសុំការបំភ្លឺពីលោកហុង ហ្សែន បាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕