ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់ ឃើញប្អូនថ្លៃស្រីមានសាច់ទ្រុកទ្រលន់ ក៏មានចិត្តគ្រឺតក្នាញ់រហូតមានបំណងអាក្រក់ចង់នែបនិត្យខ្លួនប្រាណនាង និងបានលួចចូលក្នុងបន្ទប់របស់នាងប៉ុនប៉ងធ្វើសកម្មភាពចាប់រំលោភទាំងកំរោល តែមិនបានសម្រេច ត្រូវនាងរើបម្រះនិងស្រែកហៅម៉ែជួយ ផ្អើលអស់ក្រុមគ្រួសារទាំងយប់ ហើយត្រូវក្រុមគ្រួសារប្តឹងសមត្ថកិច្ចចាប់ខ្លួនជនល្មោភកាមនេះ កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នាំមកចាត់ការតាមច្បាប់។

នារីរងគ្រោះមានឈ្មោះឈ.ច ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ។ ចំណែក ជនសង្ស័យល្មោភកាមជាបងថ្លៃ មានឈ្មោះរ៉េត រឿន ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា កាលពីម៉ោង១០យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ឈ្មោះ ឈ.ច បានបិទភ្លើងអំពូល រួចចូលដេកលើគ្រែក្នុងបន្ទប់របស់ខ្លួន។ លុះពេលកំពុងលង់លក់ក្នុងដំណេក ស្រាប់តែជនសង្ស័យឈ្មោះរ៉េត រឿន ត្រូវជាបងថ្លៃ បានចូលក្នុងបន្ទាប់នាងហើយធ្វើសកម្មភាពយកដៃចាប់ខ្ទប់មាត់មិនឲ្យស្រែក និងសង្កត់លើខ្លួន ក្នុងគោលបំណងរំលោភសេពសន្ធវៈ។ ប៉ុន្តែនៅពេលនោះ ត្រូវនារីរងគ្រោះរើបម្រះរួច និងស្រែកឲ្យបងប្អូន ម៉ែឪជួយ ធ្វើឲ្យជនសង្ស័យមានការភ័យបានរត់គេចខ្លួនបាត់ស្រមោល។

ប្រភពបន្តថា ក្រោយកើតហេតុ ក្រុមគ្រួសារនារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតដល់ម៉ោង៩ និង៣០នាទីថ្ងៃដដែល ទើបកម្លាំងសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបាននាំមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមច្បាប់៕