ខេត្តស្ទឹងត្រែង ៖ បើ​តាម​ព័​ទ៌​មាន​ជាបឋម​អោយ​ដឹង​ថា មានការ​ផ្ទុះ​មួយ​នៅ​លើ​អាកាស ហើយ​បាន​ធ្លាក់​បំណែក​ដែក​ជា​ច្រើន​មក​លើ​ផ្ទះ​ប្រជាពលរដ្ឋ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចម្ងាយ​ប្រមាណ​៤​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​-​ឡាវ ។

បើ​តាម​លោក ម៉ៅ តារា ស្នងការ​ខេត្តស្ទឹងត្រែង បានឱ្យ​ដឹង​ថា ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ដោយ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ ។ បំណែក​ដែក​ទាំងនោះ​ធ្លាក់​លើ​ទឹកដី​កម្ពុជា នៅ​ចំណុច (0608105-1533936) ស្ថិត​ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​ធ្លាក់​នៅ​លើ​ទឹកដី​ឡាវ ក្នុង​ខេត្ត​អា​តា​ពើ មាន​បំណែក​ចំនួន​ច្រើន ។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​យ៉ាងណា​នោះ លោក​នឹង​ជម្រាប​ជូន​ពេល​ក្រោយ​ទៀត ។

ដោយឡែក​បើ​តាម​ការ​ឱ្យ​ដឹង​ពី​នគរបាល​ការពារ​ព្រំដែន បាន​និយាយ​ថា មាន​បំណែក​ដែក​ជា​ច្រើន​បាន​ធ្លាក់​ពីលើ​អាកាស​មក​ដី​នេះ ដោយ​មិនដឹង​ថា ជា​វត្ថុ​អ្វី​អោយ​ប្រាកដ​នោះ​ទេ តែ​សង្ស័យ​ថា ជា​យន្តហោះ​គ្មាន​មនុស្ស​បើក Drone ប្រភេទ​ធំ ។

ប្រភព​ដដែល​បន្ត​ថា ឮ​សូរ​លំ​ឡេ​ង​ផ្ទុះ​ខាងលើ​នេះ នៅ​ក្បែរ​ព្រំដែន​ប្រទេស​ឡាវ មក​ដល់​ក្រុង​ស្ទឹង​ត្រែង​តែ​ម្តង ។ រីឯ​បំណែក​ទាំងនោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រមូល​បាន​មួយ​ចំនួន មក​រក្សា​ទុក នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ដើម្បី​ធ្វើការ​ស៊ើប​អ​ង្គេ​ត​បន្ត​ទៀត ៕