ភ្នំពេញ ៖ នារីម្នាក់ ក្រោយពីបែកបាក់ជាមួយប្តីមុន បានចាប់ដៃសាងជីវិតថ្មីជាមួយប្តីក្រោយម្នាក់ទៀត សង្ឃឹមថាជីវិតនឹងស្គាល់ពន្លឺរស្មី តែដឹងអី! កាន់តែធ្ងន់កលើសដើម ត្រូវប្តីក្រោយរករឿងប្រចណ្ឌហួងហែង ធ្វើឲ្យនាងរស់នៅជាមួយនឹងទឹកភ្នែកជូតក្បាលជង្គង់រាល់ថ្ងៃ រហូតគិតខ្លីលែងចង់រស់នៅតទៅទៀត ក៏បីកូនតូចធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួនៅលើស្ពានជ្រោយចង្វា តែសំណាងល្អ ត្រូវបានអ្នករស់នៅទីនោះ ប្រទះឃើញជួយសង្រ្គោះទាន់ពេលវេលា។ ករណីនារីបីកូនតូចប៉ងលោតទឹកស្ពានជ្រោយចង្វាសម្លាប់ខ្លួននេះ បានកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វាចាស់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

នារីដែលគិតខ្លីប៉ងលោតទឹកធ្វើអត្តឃាតខ្លួននេះ មានឈ្មោះសុ ម៉ាលីន អាយុ២៨ឆ្នាំ ស្នាក់នៅស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះ បានដើរថ្មើរជើងបីកូនតូចនៅក្នុងដៃ ឡើងស្ពានជ្រោយចង្វាពីលិចទៅកើត ខណ:មកដល់ចំណុចពាក់កណ្ដាលស្ពាន បានឡើងលើបង្កាន់ដៃស្ពានបម្រុងលោតទឹកសម្លាប់ខ្លួន តែត្រូវបានបុរសរត់កង់បីម្នាក់ប្រទះឃើញ ស្ទុះទៅចាប់ដៃជាប់ ហើយលួងលោមឲ្យចុះមកខាងក្រោមវិញ។

នារីរងគ្រោះខាងលើ បានរៀបរាប់ទាំងទឹកភ្នែកថា នាងរួមរស់ជាមួយប្ដីក្រោយបាន៥ខែមកហើយ ដោយមិនបានរៀបការ ឬសែនព្រេនត្រឹមត្រូវនោះទេ។ ចំណែកកូនតូចនៅក្នុងដៃ គឺកូនជាមួយប្ដីមុនទេ ដែលបានលែងលះគ្នា។ នាងយកប្តីក្រោយនេះ សង្ឃឹមថាជីវិតស្គាល់ពន្លឺរស្មីដូចស្រីដទៃ តែដឹងអី! ប្ដីក្រោយនេះ តែងតែប្រចណ្ឌរករឿងនាងស្ទើររាល់ថ្ងៃ ខ្លាចនាងទៅទាក់ទងប្ដីដើមវិញ ធ្វើឲ្យនាងរស់នៅជាមួយនឹងទឹកភ្នែករាល់ថ្ងៃ គិតអ្វីមិនចេញ ទើបគិតខ្លីសម្រេចចិត្តបីកូនដើរសំដៅមកស្ពានជ្រោយចង្វា ដើម្បីលោតទឹកសម្លាប់ខ្លួន តែត្រូវបានបុរសរត់ម៉ូតូកង់បីចាប់ឃាត់រូបគាត់ទាន់។
ក្រោយកើតហេតុ នារីរងគ្រោះ ត្រូវបានប្រជាពរដ្ឋនិយាយលួងលោម កុំឲ្យគិតខ្លីបែបនេះទៀត និងជូនទៅកន្លែងស្នាក់នៅម្ដុំស្ពានម៉ាឡេ ក្នុងខណ្ឌឫស្សីកែវ៕