ភ្នំពេញ ៖ មុននេះបន្តិច​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានបដិសេធ​ទាំងស្រុង​ចំពោះ​សារព័ត៌មាន​ទាំងឡាយ​ដែល​ចុះ​ផ្សាយ​ថា លោក​ឧត្ដមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មាន​បំណង​បង្កើត​ក្រុម​កុម្ម៉ង់ដូ​ថ្មី ដែល​នេះ ​ជា​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ​ឡើយ ។

ស្នងការដ្ឋាន​គ​របាល​រាជធានី​ភ្នំពេញ មាន​បំណង​កែសម្រួល និង​បំប៉ន​ក្រុម​អន្តរ​គម​ន៍​ដែល​មាន​ស្រាប់ ឱ្យទៅ​ជា​ក្រុម​អន្តរាគមន៍​ពិសេស ដោយ​ក្រុម​នេះ នឹង​ត្រូវ​ទទួល​វគ្គ​បំប៉ន​ជំនាញ​បន្ថែម​ទាំង​ក្នុង និង​ក្រៅប្រទេស ។

ថ្មី​ៗ​នេះ ក្នុង​ឱកាស​ជួប​ជាមួយ​ប្រតិភូ​វៀតណាម លោក​ឧត្ដមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​ដល់​ភាគី​វៀតណាម ជួយ​រៀបចំ​បើក​វគ្គ​សិក្សា​សំខាន់​ៗ សម្រាប់​ក្រុម​អន្តរាគមន៍​ពិសេស​មួយ​នេះ​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពីថ្ងៃទី២១ ​ម្សិលមិញនេះ មាន​សារព័ត៌មាន​ក្នុងស្រុក​ជា​ច្រើន ក៏​ដូច​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចុះ​ផ្សាយ​ថា ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​ភាគី​វៀតណាម ជួយ​បណ្ដុះបណ្ដាល និង​បំប៉ន​ជំនាញ​ដល់​ក្រុម​កុ​ម៉​ង់​ដូ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ឯកឧត្ដម​ស្នងការ មាន​បំណង​បង្កើត​ឡើង ។

ការ​ស្នើ​នេះ​គ្រា​ដែល​ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេ​ត នា​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៩​នេះ បាន​ទទួល​ជួប​គណៈប្រតិភូ​វៀតណាម ដែល​មក​បំពេញ​ទស្សនកិច្ច នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

ឯកឧត្ដម​ស ថេ​ត បាន​ថ្លែង​ថា​ឯកឧត្ដម​មក​កាន់​តំណែង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិន​ទាន់​បាន​១​ឆ្នាំ​នៅឡើយ​ទេ ដោយ​ឯកឧត្ដម​មាន​បំណង​បង្កើត​ក្រុម​កុ​ម៉​ង់​ដូ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​មាន​គ្នា​ប្រមាណ​ជា​៦០​នាក់​។ ក្រុម​កុ​ម៉​ង់​ដូ​នេះ គឺ​ត្រូវ​ចេះ​របៀប​បាញ់កាំភ្លើង​វែង កាំភ្លើងខ្លី និង​របៀប​ការពារ​ថ្នាក់ដឹកនាំ​ផង​ដែរ ។

នៅ​ចំពោះ​មុខ​គណៈប្រតិភូ​វៀតណាម ឯកឧត្ដម​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ បាន​ស្នើ​ឲ្យ​ទទួលយក​សំណើ​ជួយ​បណ្ដុះបណ្ដាល និង​បំប៉ន​ជំនាញ​ដល់​ក្រុម​កុ​ម៉​ង់​ដូ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នេះ រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​វៀតណាម​ផង ព្រោះ​ធនធានមនុស្ស និង​សម្ភារៈ​សម្រាប់​បំពាក់​នោះ គឺ​ខាង​ស្នងការ​រាជធានី​ភ្នំពេញ បាន​ជ្រើសរើស និង​បញ្ជា​ទិញ​រួចរាល់​ហើយ តែ​នៅ​ខ្វះ​ការ​បណ្ដុះបណ្ដាល​លើ​ជំនាញ​នេះ​ប៉ុណ្ណោះ ។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ដែរ ថា​ចាប់ពី​ពេល​នេះ​តទៅ នៅ​ប្រទេស​កម្ពុជា នឹង​មាន​កិច្ចប្រជុំ​ធំ​ៗ​ជា​ច្រើន ហើយ​ក្រុម​កុ​ម៉​ង់​ដូ​នេះ​ទៀត​សោត ក៏​ជួយ​បន្ថែម​ទៀត​ទៅ​លើ​ការ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​ប្រជាពលរដ្ឋ នៅ​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ ថែម​ទៀត​ផង​។

គណៈប្រតិភូ​វៀតណាម បាន​សន្យា ថា នឹង​យក​សំណើ​នេះ​ទៅ​រាយការណ៍ ជូន​ថ្នាក់ដឹកនាំ​របស់​ខ្លួន ដើម្បី​ពិចារណា ទៅ​លើ​ការ​ជួយ​បណ្ដុះបណ្ដាល និង​បំប៉ន​ជំនាញ​ដល់​ក្រុម​កុ​ម៉​ង់​ដូ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ៕