ហ្សា​ការ​តា ៖ យ៉ាង​ហោច​ណាស់​មនុស្ស​០៦​នាក់​បាន​បាត់បង់​ជីវិត និង​ជាង​២០០​នាក់​បាន​រង​របួស ហើយ​ជាង​២០​នាក់​ទៀត ត្រូវ​ឃាត់ខ្លួន ក្នុង​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​បាតុករ និង​កងកម្លាំង​សន្តិសុខ អំឡុងពេល​ផ្ទុះអំពើ​ហិង្សា​យ៉ាង​កក្រើក ប្រឆាំង​នឹង​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត ​នៅ​ប្រទេសឥណ្ឌូ​ណេ​ស៊ី ។

បាតុកម្មហិង្សា​នេះ​ បាន​កើតឡើង​តាំងពី​ថ្ងៃ​អង្គារ​ម្សិលមិញ បន្ត​រហូត​មក​ទល់​ថ្ងៃ​ពុធ ទី​២២ ខែឧសភា ឆ្នាំ​២០១៩​នេះ បន្ទាប់​ពី​ការ​ប្រកាស​លទ្ធផល​ផ្លូវការ​ថា ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី លោក Joko Widodo គឺជា​អ្នក​ដែល​ទទួល​ជ័យជម្នះ ប៉ុន្តែ​គូប្រជែង​របស់​លោក គឺ​លោក Prabowo Subianto បាន​ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​ទេ និង​បាន​គំរាម​ប្តឹង​ទៅ​តុលាការ​ធម្មនុញ្ញ​ថែម​ទៀត ធ្វើ​អោយ​ក្រុម​បាតុករ​ប្រមាណ​២០​ម៉ឺន​នាក់ ដែល​ជា​អ្នកគាំទ្រ​លោក Prabowo ចេញ​មក​បង្ក​ភាព​ចលាចល តាម​រយៈ​ការ​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ចោល​របស់របរ​ដូច​ជា​ដប​សាំង និង​ដុំ​ថ្ម​ជាដើម មក​លើ​អាជ្ញាធរ ដែល​ជា​ហេតុ​បង្ខំ​ឲ្យ​មានការ​បង្ក្រាប តាម​រយៈ​ការ​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​កាណុង​បាញ់​ទឹកជា​ដើម ។

ស្រប​ពេល​បាតុកម្ម​បាន​ផ្ទុះ​ឡើង ស្ថានទូត ព្រមទាំង​ក្រុមហ៊ុន ហាង​ទំនិញ ស្ថានីយ៍ និង​កន្លែង​ធ្វើ​ដំណើរ​ជា​ច្រើន ត្រូវ​បាន​បិទទ្វារ​ជា​បណ្តោះអាសន្ន នា​ថ្ងៃ​ពុធ​នេះ ក្នុង​រដ្ឋធានី​ហ្សា​ការ​តា ៕