ភ្នំពេញ ៖ បើ​តាម​ប្រភព​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង លោក​ឧត្ដមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​ភាគី​វៀតណាម ជួយ​បណ្ដុះបណ្ដាល និង​បំប៉ន​ជំនាញ​ដល់​ក្រុម​កុ​ម៉​ង់​ដូ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​លោកស្នងការ មាន​បំណង​បង្កើត​ឡើង ។

ការ​ស្នើ​នេះ ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៩ ពេល​ដែល​លោក​ឧត្ដមសេនីយ៍ឯក ស ថេ​ត ទទួល​ជួប​គណៈប្រតិភូ​វៀតណាម ដែល​មក​បំពេញ​ទស្សនកិច្ច នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

លោក ស ថេ​ត បាន​ថ្លែង​ថា លោក​មាន​បំណង​បង្កើត​ក្រុម​កុ​ម៉​ង់​ដូ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​មាន​គ្នា​ប្រមាណ​ជា​៦០​នាក់ ។ ក្រុម​កុ​ម៉​ង់​ដូ​នេះ គឺ​ត្រូវ​ចេះ​របៀប​បាញ់កាំភ្លើង​វែង កាំភ្លើងខ្លី និង​របៀប​ការពារ​ថ្នាក់ដឹកនាំ​ផង​ដែរ ព្រោះ​ធនធានមនុស្ស និង​សម្ភារៈ​សម្រាប់​បំពាក់​នោះ គឺ​ខាង​ស្នងការ​រាជធានី​ភ្នំពេញ បាន​ជ្រើសរើស និង​បញ្ជា​ទិញ​រួចរាល់​ហើយ តែ​នៅ​ខ្វះ​ការ​បណ្ដុះបណ្ដាល​លើ​ជំនាញ​នេះ ប៉ុណ្ណោះ ។

ចំណែកឯ គណៈប្រតិភូ​វៀតណាម បាន​សន្យា​ថា នឹង​យក​សំណើ​នេះ ទៅ​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​របស់​ខ្លួន​សិន ដើម្បី​ពិចារណា​ទៅ​លើ​ការ​ជួយ​បណ្ដុះបណ្ដាល និង​បំប៉ន​ជំនាញ​ដល់​ក្រុម​កុ​ម៉​ង់​ដូ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ៕