ខេត្តរតនគិរី៖ បុរសម្នាក់ ក្រោយពីអង្គុយព័ទ្ធវង់ផឹកស៊ីជាមួយបនភឿនស្រវឹងធ្លាក់ភ្នែក ស្រាប់តែមានចិត្តចង់ដើរលេង តែគ្មានប្រាក់១រៀលសោះ ក៏ទៅសុំលុយពីម្តាយ តែមិនបាន ថែមទាំងត្រូវម្តាយស្តីបន្ទោសឲ្យទៀត ក៏ឈឺចិត្តស្អិតទ្រូង ស្ទុះទៅទាញដបសាំងកន្លះលីត្រយកមកចាក់ស្រោច ហើយដុតសម្លាប់ខ្លួនឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ករណីធ្វើអត្តឃាតយកសាំងដុតសម្លាប់ខ្លួននេះ បានកើតឡើង និងបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ និង៤៨នាទីល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិភ្នំកុកព្រៅ ឃុំភ្នំកុក ស្រុកវើនសៃ ។

ជនរងគ្រោះដែលគិតខ្លីយកសាំងដុតសម្លាប់ខ្លួននេះ មានឈ្មោះសាវើយ មិម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិព្រៅ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស៊ីជាមួយបនភឿនឡើងស្រវឹងត្រាង ហើយបានទៅសុំលុយពីឪពុកម្តាយបំណងទៅដើរលេង តែត្រឹមតែមិនបានលុយទេ ថែមទាំងត្រូវឪពុកម្តាយស្តីបន្ទោសឲ្យទៀត ធ្វើឲ្យជនរងគ្រោះខឹងច្រឡោត ក៏ទាញដបសាំងកន្លះលីត្រនៅក្បែរនោះ មកចាក់ស្រោចដុតសម្លាប់ខ្លួនតែម្តង ត្រូវអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភា្ញក់ផ្អើលជាខ្លាំង ត្រូវក្រុមគ្រួសារនាំគ្នាពន្លត់ជួយសង្គ្រោះទាន់ពេលវេលា។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានគ្រួសារដឹកបញ្ជូនទៅសង្គ្រោះ នៅឯមណ្ឌលសុខភាពស្រុកវើនសៃ ដើម្បីសម្រាកព្យាបាលរបួស៕