ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ វក់គ្រឿងញៀន និងស្រា មិនដែលស្វាងថ្ងៃណា ហើយត្រូវប្រពន្ធប្ដឹងប៉ូលិសឲ្យចាប់ខ្លួនដាក់មណ្ឌលកែប្រែច្រើនលើកច្រើនសា នៅតែមិនរាងចាល បានប្រើអំពើហឹង្សា វាយដំទាត់ធាក់មកលើស្រីជាប្រពន្ធឲ្យរងរបួស រហូតប្រពន្ធទ្រាំលែងបាន ក៍ប្តឹងប៉ូលិសសារជាថ្មី ចាប់ឃាត់ខ្លួនម្តងទៀត នៅបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

បុរសវ័យចំណាស់ជាប្ដី ឈ្មោះ ហោ ឆាយ អាយុ៥៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិឧកញ៉ាអុង ឃុំឧកញ៉ាអុង ស្រុកល្វាឯម ជាមនុស្សងប់ង៉ុលគ្រឿងញៀននិង សុរា ។ ចំណែកស្រីជាប្រពន្ធ មានឈ្មោះ ណុប សារី អាយុ៥៤ឆ្នាំ មានស្រុកកំណើតនៅឯខេត្តក្រចេះ ។ទាំង២នាក់រស់នៅផ្ទះកើតហេតុ ។

ស្រីជាប្រពន្ធ បានឲ្យដឹងថា តានេះដូចជាជ្រុលពេកហើយ អស់នឹងគេ វ័យនេះសមល្មមចូលវត្ត រកសិលទាន តែតារបស់គាត់វិញ រកតែគ្រឿងញៀននិងស្រា រករឿងបង្កហិង្សាក្នុងគ្រួសារ ហើយគាត់ធ្លាប់ប្ដឹងប៉ូលិសចាប់ដាក់មណ្ឌលកែប្រែច្រើនលើកមកហើយ តែមិនរាងចាល។ លុះមកដល់ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ប្ដីបានប្រើអំពើហិង្សា វាយទាត់ធាក់គាត់ជាប្រពន្ធយ៉ាងចាស់ដៃ រហូតគាត់ទ្រាំមិនបាន ក៍ប្តឹងប៉ូលិស ឲ្យចុះទៅដល់ផ្ទះ ពេលនោះតារត់គេចបាត់ ។ លុះមកដល់រសៀលថ្ងៃដដែល ពេលកម្លាំងប៉ូលិសចេញទៅវិញបាត់ តាក៍ត្រឡប់មកដល់ផ្ទះវិញ ហើយវាយគាត់ប៉ោងក្បាល ផ្អើលដល់ប៉ូលិសចុះទៅម្តងទៀត ចាប់ខ្លួនបាននាំទៅប៉ុស្តិ៍តែម្ដង ។
ជនសង្ស័យ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនគរបាលស្រុក ចាត់ការបន្តតាមនីតិវិធី ៕