ខេត្តក្រចេះ ៖ បុរសជនជាតិចិនម្នាក់ ធ្វើដំណើរមកស្រុកខ្មែរ តាមមករកប្រពន្ធជាជនជាតិខ្មែរ និងកូនដល់ស្រុកកំណើតរបស់នាង តែរកមិនឃើញ ព្រោះនាងនាំកូនចេញទៅរកស៊ីនៅខេត្តឆ្ងាយបាត់ ទើបធ្វើឱ្យគាត់តូចចិត្ត និងបានទាញខ្សែគោ បម្រុងមកចង.កសម្លាប់ខ្លួនឯងតែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២១ ឧសភា ឆ្នំា២០១៩នេះ នៅផ្ទះឪពុកម្ដាយរបស់ប្រពន្ធ ក្នុងភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ។

បុរសជនជាតិចិននោះ ឈ្មោះ ឆៃ ស៊ីហ្គាន់ អាយុ៤២ឆ្នាំ មានប្រពន្ធជាជនជាតិខ្មែរនិង មានកូនស្រីម្នាក់ ។ បុរសរូបនេះ ទើបធ្វើចំណើរមកដល់ប្រទេសខ្មែរកាលពីថ្ងៃទី២១ ឧសភា ឆ្នំា២០១៩។ រីឯស្ត្រីជាប្រពន្ធ មិនបានស្គាល់ឈ្មោះទេ ព្រោះនាងបានចេញទៅធ្វើការ នៅក្រុងប៉ោយប៉ែតបាត់ហើយ។

កន្លងមក ស្រីជាប្រពន្ធខ្មែរនេះ បានចេញទៅរស់នៅប្រទេសចិន ហើយបានបុរសជនជាតិចិន ឈ្មោះ ឆៃ ស៊ីហ្គាន់ ធ្វើជាប្ដី និងបានកូនស្រីម្នាក់ ។ លុះចុងក្រោយនេះ ប្រពន្ធបាននាំកូនស្រីមកស្រុកខ្មែរវិញ តែនាងមិនព្រមត្រឡប់ទៅប្រទសចិនវិញ ទើបគាត់ធ្វើដំណើរមកស្រុកខ្មែរតាមមករកប្រពន្ថកូនដល់ស្រុកកំណើតបែបនេះ តែពេលមិនឃើញនាង ទើបធ្វើឱ្យគាត់តូចចិត្ត និងបានទាញខ្សែគោ បម្រុងមកចង.កសម្លាប់ខ្លួនឯងតែម្តង តែត្រូវក្រុមគ្រួសារខាងប្រពន្ធមកជួយឃាត់ទាន់ ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលមូលដ្ឋានបានចុះទៅធ្វើការសម្របសម្រួល និងប្រាប់បុរសចិននោះថា ក្រុមគ្រួសារខាងប្រពន្ធនឹងជួយទៅតាមរកប្រពន្ធនិងកូនឱ្យមកជួបគាត់វិញ ៕