ខេត្តសៀមរាប៖ ស្ត្រីម្នាក់ បានធ្វើដំណើរទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ខ្លួនបុរសជាជនជាតិអាមេរិកម្នាក់ ដោយចោទប្រកាន់ថា បានចាប់រំលោភកូនស្រីរបស់ខ្លួនទៅដល់២នាក់ ដើម្បីនាំមកចាត់ការតាមផ្លូវច្បាប់។ ករណីចាប់ខ្លួនបុរសអាមេរិកនេះ បានធ្វើឡើង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងក្រុងសៀមរាប ។
សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យល្មោភកាមដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ CLINE RUGH JAMES ភេទប្រុស កើតថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៩០ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែន លេខ490634082។ ចំណែក ក្មេងស្រីរងគ្រោះ មានឈ្មោះ វ.ស.ភ អាយុ១២ឆ្នាំ និងម្នាក់ទៀត ឈ្មោះ រ.ស.ភ អាយុ១៤ឆ្នាំ។

យោងតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះទាំង២នាក់ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានជួបកូនស្រីរបស់គាត់នៅតំបន់ផាប់ស្ទ្រីត។ ក្រោយមក ជនសង្ស័យ បាននាំកូនស្រីរបស់គាត់ទៅកន្លែងស្នាក់នៅរបស់គេ ហើយជនសង្ស័យបានឲ្យកូនស្រីរបស់គាត់លេងប្រដាប់ភេទរបស់គេរហូតសម្រេចកាម រួចឲ្យលុយកូនស្រីគាត់ចំនួន១២០ដុល្លារ ដើម្បីលាក់បាំងនូវទង្វើដ៏គម្រក់របស់គេ ហើយសកម្មភាពបែបនេះ បានធ្វើមកលើកូនស្រីរបស់គាត់ទាំង២ ចំនួន៣ដងមកហើយ។

ម្តាយក្មេងស្រីរងគ្រោះ បញ្ជាក់ថា ដោយសារទ្រាំនឹងទង្វើជនសង្ស័យល្មោភកាមរូបនេះមិនបាន ទើបគាត់ធ្វើដំណើរដាក់ពាក្យបណ្តឹងនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជួយអន្តរាគមន៍តែម្តង។

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ លោកបានរាយការណ៍ជូនព្រះរាជអាជ្ញា ដើម្បីកោះហៅជនសង្ស័យមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានបដិសេធថា គ្រាន់តែបានស្គាល់ក្មេងស្រីទាំង២នាក់ និងធ្លាប់ឲ្យលុយចាយតែប៉ុណ្ណោះ។ តែយ៉ាងណា ក្រោយពីសមត្ថកិច្ចសាកសួរចប់ លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប អនុញ្ញាតឲ្យឃាត់ខ្លួនជនសង្ស័យជាផ្លូវការ នៅវេលាម៉ោង១៦ និង៣០នាទី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ដើម្បីសាកសួរបន្ថែម និងចាត់ការតាមនីតិវិធីបន្ត៕