បរទេស៖ ដោយស្របតាមការបង្គាប់របស់លោកប្រធានាធិបតី Donald trump អំពីការបញ្ឈប់ផ្ដល់ប្រព័ន្ធប្រតិ្តបត្តិការ Android ដល់ក្រុមហ៊ុន Huawei របស់ចិន ស្រាប់តែម្សិលមិញនេះ Google បានប្រកាសព័ត៌មានផ្លូវការមួយថា ខ្លួននឹងបិទលែងឲ្យ Huawei និង Honor ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលអភិវឌ្ឍន៍ពិសេសពី Google តទៅទៀតហើយ ហើយអ្វីដែលកាន់តែធ្ងន់ធ្ងរទៀតនោះ សូម្បីតែក្រុមហ៊ុនផលិតបន្ទះឈីប ក៏ដូចជាគ្រឿងបន្លាស់របស់អាមេរិក ក៏ឈប់ផ្គត់ផ្គងដល់ក្រុមហ៊ុនចិនមួយនេះដែរ ។

ជាមួយគ្នានេះដែរ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងលើ ក្រុមយក្សរបស់ប្រទេសចិនខាងលើ ក៏បានប្រកាសភ្លាមៗផងដែរ អំពីប្រព័ន្ធប្រត្តិបត្តិការ(OS) ថ្មីមួយរបស់ខ្លួនដែលមានឈ្មោះថា HongMeng OS ។

យ៉ាងណាម៉ិញ ទន្ទឹមនឹងការបិទប្រតិ្តបត្តិការ Android លែងឲ្យមានប្រើប្រាស់នៅលើផលិតផលទូរស័ព្ទ ឬថេបប្លេត Huawei និង Honor នេះ ក្រុមហ៊ុន Google ក៏បានពន្យាពេលចាប់ពីថ្ងៃប្រកាសខាងលើនេះ រហូតដល់ ៩០ថ្ងៃទៀត ដូច្នេះមានន័យថា ផលិតផលទូរស័ព្ទ ក៏ដូចជា ថេបប្លេតរបស់ Huawei និង Honor អាចនៅមានពេល Update ប្រើប្រាស់ប្រព័ន្ធប្រត្តិបត្តិការថ្មីរបស់ Android ហើយមួយវិញទៀត ក្រុមហ៊ុនចិនមួយនេះ ក៏អាចនៅមានពេលបញ្ជារទិញ hardware ឬគ្រឿងបន្លាស់ផ្សេងៗ ដើម្បីផ្គត់ផ្គង់ផលិតផលចាស់ៗរបស់ខ្លួនក្នុងអំឡុងពេលពន្យាពេលនេះផងដែរ ៕
សហការី KBN
ប្រភព៖ wccftech