ភ្នំពេញ៖ ប្តីប្រពន្ធ១គូ បានកើតមានជម្លោះនឹងគ្នា រហូតស្រី្តជាប្រពន្ធផ្ទុះកំហឹងទាញកាំបិតប៉័ងដេញកាប់បុរសជាប្តីរត់ពេញផ្លូវ បណ្តាលឲ្យរយះដៃ និងមានការប្រតាយប្រតប់គ្នាបង្កឲ្យមានភ្ញាក់ផ្អើលដល់អ្នកភូមិ រហូតមានកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ ទើបស្ងប់ស្ងាត់ទៅវិញ។
ហេតុការណ៍ហិង្សានេះ បានកើតឡើង នៅតាមបណ្ដោយផ្លូវទំនប់៧០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងែទី២១ ខែឧសភា ឆ្នាំ២០១៩។

ប្តីប្រពន្ធដែលកើតមានជម្លោះនឹងគ្នានេះ មិនត្រូវបានស្គាល់ឈ្មោះទេ គ្រាន់តែដឹងថា ស្ត្រីជាប្រពន្ធស្លៀករ៉ូបវែង ពណ៌លឿង។ ចំណែក បុរសជាប្តីពាក់អាវវាលក្លៀក ពណ៌ខ្មៅ និងស្លៀកសារុង មានមុខរបរលក់ឆ្នាំងសាកទូរស័ព្ទ ។ ពួកគេមានកូន២នាក់ និងរស់នៅក្នុងមូលដ្ឋានខាងលើ។

តាមសម្តីបុរសជាប្តី បានឲ្យដឹងនៅកន្លែងកើតហេតុថា មុនពេលកើតហេតុ គាត់បានទៅលក់ឆ្នាំងសាកទូរស័ព្ទ និងផ្ញើលុយឲ្យប្រពន្ធចំនួន១ម៉ឺនរៀល ព្រោះលក់អត់សូវដាច់។ លុះគាត់មកវិញ បានទិញដឹកដោះឲ្យកូនបៅ តែប្រពន្ធខឹងគាត់មិនឲ្យកូនបៅទេ ដោយយកទឹកគោបោះចោល ថែមទាំងរករឿងគាត់ទៀត ទើបគាត់ពកូនដើរចេញ ព្រោះមិនចង់មានការឈ្លោះប្រកែកគ្នា ស្រាប់តែពេលនោះ ប្រពន្ធយកប៉័ងតោកាប់គាត់ពីក្រោយត្រូវចំកែងដៃស្តាំ បណ្តាលឲ្យរយះហូរឈាម ទើបគាត់ខឹងពេក បានយកក្បាលទៅបោកជាមួយថ្ងាសប្រពន្ធ បណ្តាលឲ្យនាងបែកថ្ងាសហូរឈាមដែរ។

ស្របពេលនោះដែរ ស្រ្តីជាប្រពន្ធតបថា មកពីប្តីបង្អត់បាយនាង មួយថ្ងៃពេញ គឺតាំងពីព្រឹកដល់ល្ងាច និងធ្វើការចោទប្រកាន់ថា ប្តីធ្វើបាបនាងណាស់ សូម្បីតែខាងក្រុមគ្រួសារប្តីក៏ធ្វើនាងដែរ ។
ស្របពេលប្តីប្រពន្ធអ្នកទាំង២កំពុងតែផ្ទុះកំហឹងពុះកញ្ជ្រោលដាក់គ្នានោះ ក៏មានកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ ។ ដំបូងឡើយ ពួកគេចង់ប្តឹងផ្តល់គ្នា ហើយក្រោយមក ពួកគេបានបន្ថយកំហឹងរៀងៗខ្លួន បន្ទាប់មកក៏នាំគ្នាដើរទៅផ្ទះ ចូលដេកអស់ទៅ៕