ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបង្ហាញមុខជនសង្ស័យជាក្រុមឆក់ និងកាប់ប្លន់ចំនួន១០នាក់ ជាសាធារណៈ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ រួចបញ្ជូនទៅកាន់សាលដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ។

ជនសង្ស័យទាំង១០នាក់ខាងលើនេះ មាន២ក្រុម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែឧសភានេះ ក្រោយពេលពួកគេបានប្រព្រឹត្តបទល្មើស១២ករណី ។ ដោយជនសង្ស័យមានគ្នា២ក្រុម និងមួយក្រុមមានគ្នា៧នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន៦ករណី លួចមានស្ថានទង្ងន់ទោស និងអំពើហិង្សាដោយប្រើដែកកែច្នៃកាប់ប្លន់ចំនួន៥ករណី និងមួយករណីប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ។

ក្នុងការឃាត់ខ្លួនជនសង្ស័យនេះដែរសមត្ថកិច្ចបានដកហូតម៉ូតូ២គ្រឿង ដាវចំនួន២ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។ ដោយឡែកក្នុងចំណោមជនសង្ស័យទាំង១០នាក់ មានម្នាក់បានធ្វើសកម្មភាពឆក់កាបូបស្ត្រីរងគ្រោះម្នាក់នៅបឹងសាឡាង ខណ្ឌទួលគោក ទាំងព្រឹក បណ្តាលឲ្យស្រ្តីនោះរបួសយ៉ាងធ្ងន់ ។ ក្រុមឆក់ និងកាប់ប្លន់យ៉ាងសកម្ម និងប្រើប្រាស់គ្រឿងញៀនទាំង១០នាក់នេះ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕