ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​គណនី​យ​ហ្វេ​ស​ប៊ុ​ក ឈ្មោះ «Rin Ran» កាលពី​ថ្ងៃ​ទី​១៨​ឧសភា បាន​ផ្សព្វផ្សាយ​ថា មាន​ជនជាតិ​ជប៉ុន​ម្នាក់ សម្រាក​នៅ​តាម​ចិញ្ចើម​ផ្លូវ នៅ​ក្នុងភូមិ​សាស្ត្រ​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្នុង​ស្ថានភាព​គ្មាន​អាហារ និង​កន្លែង​ស្នាក់​នៅ លោក ខឹ​ម ចិ​ត្ត្រា នាយ​ប៉ុស្តិ៍​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ចាត់​កម្លាំង​ជំនាញ​ឱ្យ​ស្វែងរក​គាត់ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៩ ក៏​ប្រទះ​ឃើញ​គាត់ ។

យោង​តាម​ទំព័រ ”​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ប៉ោយ​ប៉ែ​ត​” បានឱ្យ​ដឹង​ថា បន្ទាប់​ពី​សមត្ថកិច្ច​អញ្ជើញ​គាត់ មក​ប៉ុស្តិ៍​ផ្តល់​អាហារ​ទឹក​សម្លៀក​បំពាក់ និង​ធ្វើការ​សាកសួរ​គាត់​ហើយ ទើប​ដឹង​ថា​គាត់​មានឈ្មោះ Norihiro YAMAGUCHI អាយុ​៤៧​ឆ្នាំ ។ ជប៉ុន​រូប​នេះ គាត់​បាន​ធ្វើ​ដំណើរ​ចេញចូល​ទេសចរណ៍ និង​ស្នាក់​នៅ​ប្រទេស​កម្ពុជា​រយៈពេល​១១​ឆ្នាំ​ជាង​មក​ហើយ ទើបតែ​រយៈពេល​ប្រហែល​ជាង​១០​ថ្ងៃ​មកនេះ គាត់ បាន​បាត់​កាបូប ដែល​មាន​កាត​ធនាគារ និង​ឯកសារ​សម្ភារ​ទាំងអស់ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។ ដូច្នេះ ទើប​គាត់ គ្មាន​ប្រាក់​សម្រាប់​ស្នាក់​នៅ និង​ហូប​ចុក បន្ត​ទៀត ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា នៅ​ពេល​នេះ​មន្ត្រី​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​កំពុង​ជួយ​សម្រួល​រៀបចំ ជូន​គាត់​ទៅ​ស្ថានទូត​ជប៉ុន​ នៅ​ពេល​ឆាប់​ៗ​នេះ​ហើយ ៕