ភ្នំពេញ៖ កាលពីល្ងាច ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ តារាចម្រៀងលោកចាន់ សម័យ និងក្រុមគ្រួសារ បានទទួលផ្ទះថ្មីសន្លាង១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្វើឲ្យក្រុមគ្រួសារតារាចម្រៀងរូបនេះ មានចិត្តសប្បាយរីករាយជាពន់ពេក។
ម្ចាស់បទ«សុំមេមាន់» លោកចាន់ សម័យ ពិតជារំភើបចិត្តខ្លាំងណាស់នៅក្នុងថ្ងៃទទួលផ្ទះថ្មី លោកថែមទាំងមានអារម្មណ៍ក្តុកក្តួលនិយាយទាំងអួលដើម-ក ថា «ខ្ញុំពិតជាសប្បាយចិត្តរកអ្វីប្រៀបពុំបាន ពេលនេះខ្ញុំមានផ្ទះសម្រាប់ប្រពន្ធកូនជ្រកកោននឹងគេហើយ ជម្រកនេះពិតជាល្អខ្លាំងណាស់ ពីព្រោះវាបានកែប្រែជីវិតខ្ញុំ និងគ្រួសារឱ្យល្អប្រសើរឡើង មិននឹកស្មានថាក្តីស្រមៃខ្ញុំ ក្លាយជាការពិតទេ»។

ជាមួយគ្នានេះ លោកចាន់ សម័យ បានអរគុណយ៉ាងខ្លាំង ដែលសម្តេចទាំងពីរបានផ្តល់ទីជម្រកត្រឹមត្រូវសម្រាប់លោក និងគ្រួសាររស់នៅ ថែមមានការងារធ្វើឡើងវិញ ហើយលោកសន្យាថានឹងខិតប្រឹងប្រែងតស៊ូធ្វើការ ដើម្បីគ្រួសារដ៏តូចមួយនេះ បន្ទាប់ពីមានការបង្ហាញផ្លូវពីអ្នកនៅជុំវិញខ្លួន ។

គួរបញ្ជាក់ថា លោកចាន់ សម័យ គឺជាតារាចម្រៀងល្បីឈ្មោះម្នាក់ និងជាម្ចាស់បទ«សុំមេមាន់» និង«មិនស្រឡាញ់អូនមិនបាន» ដែលទទួលបានការគាំទ្រពីសំណាក់មហាជនជាខ្លាំង តែក្រោយមកស្រាប់តែតារាចម្រៀងរូបនេះ បាត់មុខពីវិស័យសិល្បៈយ៉ាងស្ងៀមស្ងាត់ ដោយសារតែមានជំងឺប្រចាំកាយ តម្រូវឲ្យលោកទៅសម្ងំអង្គុយស្ទួចត្រីតាមមាត់ទន្លេមកចិញ្ចឹមគ្រួសារយ៉ាងកម្រត់ តែយ៉ាងណា លោកមិនដែលត្អូញត្អែរប្រាប់មិត្តភក្តិ និងសុំជំនួយពីអ្នកណាទេ រហូតមានការបែកធ្លាយព័ត៌មានពីជីវភាពក្រលំបាករបស់លោក ទើបធ្វើមហាជនមានការណិតដល់រូបលោកគ្រប់គ្នា ។

ជាពិសេស សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចិត្តអាណិតសន្តោសប្រណី ជួយស្រោចស្រង់តារាចម្រៀងរូបនេះ និងក្រុមគ្រួសារ ឲ្យមានជីវិតភ្លឺស្វាងឡើងវិញ មានជម្រកស្នាក់នៅសមរម្យ៕