ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ក្រោយជិះម៉ូតូរបស់ជនរងគ្រោះទៅទិញទឹកកកអនាម័យ បាត់៥ថ្ងៃមក ត្រូវជនរងគ្រោះប្ដឹងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឲ្យចាប់ខ្លួនពីរំលោភលើទំនុកចិត្ត កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ជនសង្ស័យ ឈ្មោះ រ៉េត ចំណាន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ/សង្កាត់កើតហេតុខាងលើ ។

ជនរងគ្រោះឈ្មោះ ទ្រី ចាន់រដ្ឋ ភេទ ប្រុស អាយុ ២៥ឆ្នាំ មានទៅលំនៅភូមិអូរនាង សង្កាត់ផ្សារកណ្តាល បានឲ្យដឹងថា ៖ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ខ្លួន និងជនសង្ស័យ និងមិត្តភក្តិផ្សេងទៀត បានជុំផឹកស៊ីជាមួយគ្នា ។ ពេលនោះមិត្តភ័ក្តម្នាក់ទៀត បានយកម៉ូតូរបស់ខ្លួនទៅជនសង្ស័យជិះទៅទិញទឹកកកអនាម័យ ស្រាប់តែបាត់ដំណឹងឈឹង អស់រយ:ពេលជាច្រើនថ្ងៃ ខ្លួនក៏បានមកដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថក្រុង ឲ្យចាប់ខ្លួនតែម្ដង ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានជិះម៉ូតូរបស់ជនរងគ្រោះមែន តែខ្លួនមិនបានទៅទិញទឹកកកនោះទេ គឺខ្លួនបានចូលទៅលេងបាញ់ត្រី ។ លុះលេងចាញ់អស់លុយ ក៏បែកគំនិតដាក់ម៉ូតូបញ្ចាំយក លុយដើម្បីលេងបន្ត លុះលេងចាញ់អស់ទៀត ក៏គេចមុខមិនហ៊ានទៅជួបម្ចាស់ម៉ូតូវិញ ។
ជនសង្ស័យ ត្រូវកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ។ ចំណែកម៉ូតូ ត្រូវបានយកពីកន្លែងបញ្ចាំ ប្រគល់ជូនទៅម្ចាស់ដើមវិញ ៕