ភ្នំពេញ៖ ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយ បានបង្ហោះសារទទួលសេវាធ្វើសញ្ញាបត្របាក់ឌុប និងបរិញ្ញាបត្រ តម្លៃចាប់ពី១០០០ដុល្លារឡើង ដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងអ្វីទាំងអស់ ធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីមហាជន។ បន្ទាប់ពីមានព័ត៌មាននេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសបដិសេធភ្លាម ហើយក្រសួងកំពុងចាត់វិធានការតាមវែកមុខជនខាង ដើម្បីចាត់ការតាមផ្លូវច្បាប់។

កាលពីថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ«សេវាកម្មផ្សេង» បានបង្ហោះសារទទួលធ្វើសញ្ញាបត្រទៅតាមនិទ្ទេស ដូចជានិទ្ទេស E តម្លៃ ១៣០០ដុល្លារ និទ្ទេស D តម្លៃ ១៤០០ដុល្លារ និងនិទ្ទេស C តម្លៃ ១៥០០ដុល្លារ ។ ចំណែក សញ្ញាបត្របរិញ្ញាបត្រ មានតម្លៃ ៣០០០ដុល្លារ ដោយមានកូដរបស់ក្រសួង ត្រឹមត្រូវ។ ការបង្ហោះសារបែបនេះ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងចែកចាយនៅលើបណ្ដាញសង្គមហេ្វសប៊ុកព្រោងព្រាត ដែលនាំឲ្យមានការយល់ច្រឡំថា សញ្ញាបត្រអាចទិញបាន តែយ៉ាងណា ខាងក្រសួងអប់រំ យុវជន និងកីឡា ក៏បានប្រតិកម្មសេចក្តីប្រកាសព័ត៌មានបដិសេធភ្លាមៗផងដែរ។

តាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការបង្ហោះបែបនេះ គឺជាអំពើខុសច្បាប់ និងបំពានសេចក្ដីថ្លៃថ្នូរ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំ កំពុងសហការជាមួយសមត្ថកិច្ច ក្នុងការស្វែងរកជនដែលបង្ហោះ ដើម្បីចាត់វិធានការតាមច្បាប់។
ជាមួយគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយ ឲ្យជួយទប់ស្កាត់ការចែកចាយព័ត៌មានក្លែងក្លាយនេះ ចៀសវាងការយល់ច្រឡំមកលើក្រសួងអប់រំ យុវជន និងកីឡា៕