ភ្នំពេញ៖ សង្វៀនជល់មាន់ដុះស្លែមួយកន្លែង នៅចំណុចបឹងឈូក ខាងលិចផ្លូវឌួងងៀប២ ខាងកើតឆៀងខាងត្បូងវត្តអង្គតាមិញ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានបើកលេងជាយូរខែមកហើយ ដោយផ្តល់ឱកាសឲ្យអ្នកញៀនល្បែងជល់មាន់ទាំងនោះ នាំគ្នាយកមាន់មកជល់ភ្នាល់ដាក់ប្រាក់ និងស្រែកហ៊ោកញ្ជ្រៀវយ៉ាងទ្រហឹងអឺងកង មិនញញើតសមត្ថកិច្ចបន្តិចណាឡើយ។

តាមរយៈវីដេអូឃ្លីបមួយ ដែលពលរដ្ឋនៅទីនោះថត បានបង្ហាញថា សង្វៀនបញ្ជល់មាន់នោះ បានសង់រោង ប្រក់តង់កៅស៊ូ នៅក្រោមដើមអាកាស្យា ក្បែរមាត់ប្រឡាយទឹក ដោយមានអ្នកជល់មាន់មិនតិចនាក់ទេ កំពុងតែប្រមូលផ្តុំគ្នានៅទីនោះ។ ជាពិសេស អ្វីដែលជាការកត់សម្កាល់ អ្នកជល់មាន់ទាំងនោះ ហាក់បីដូចជាសប្បាយចិត្តរីករាយណាស់ ដោយបានស្រែកហ៊ោកញ្ជ្រៀវយ៉ាងទ្រហឹងអឺងកង ទោះជាមានភ្លៀងធ្លាក់ត្រជាក់សើមសម្លៀកបំពាក់ក្តី។

ពលរដ្ឋរស់នៅទីនោះ បានបញ្ជាក់ថា សង្វៀនជល់មាន់នេះ បានបើកលេងជាចំហជាយូរណាស់មកហើយ មិនដឹងជាម្ចាស់សង្វៀនជល់មាន់មានខ្នងបង្អែកធំប៉ុណ្ណាទេ ទើបមានលទ្ធភាពបើកសង្វៀនជល់មាន់នៅកណ្តាលក្រុងភ្នំពេញ បានយ៉ាងរំភើយបែបនេះ មិនមានសមត្ថកិច្ចមូលដ្ឋាន ក៏ដូចសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌមានជ័យ មានវិធានការបង្ក្រាបសោះ ប្រហែលជាម្ចាស់សង្វៀនជន់មាននេះមានទំនាក់ទំនងល្អជាមួយសមត្ថកិច្ច ឬមួយមកពីសមត្ថកិច្ចគ្មានសមត្ថភាពបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួន។

ប្រភពបន្តថា វីដេអូដែលពលរដ្ឋថតសកម្មភាពបញ្ជល់មាន់នេះ គឺមានបំណងផ្ញើរូបភាពទាំងនេះជូនទៅលោកអភិបាលខណ្ឌ និងអធិការខណ្ឌមានជ័យ ឲ្យបានឃើញ និងមានវិធានការបង្រ្កាប ប៉ុន្តែរហូតមកដល់ពេលនេះ មិនឃើញមានស្រមោលសមត្ថកិច្ចណា ចុះទៅបង្ក្រាបសោះ ដោយផ្តល់ឱកាសឲ្យអ្នកញៀនល្បែងស៊ីសងទាំងនោះ នាំគ្នាយកមាន់មកជល់ភ្នាល់ដាក់ប្រាក់ជាប្រចាំ។
ពលរដ្ឋគ្មានជំនឿលើសមត្ថកិច្ចស្ទឹងមានជ័យ ក៏ដូចជាសមត្ថកិច្ចខណ្ឌមានជ័យ មកបង្រ្កាបសង្វៀនជល់មាន់ដុះស្លែនេះទេ គឺមានតែសំណូមពរដល់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាមានវិធានការបង្ក្រាបសង្វៀនមាន់ជល់នេះផង៕