ខេត្តត្បូងឃ្មុំ៖ យុវជន២នាក់ជិះម៉ូតូក្នុងល្បឿនលឿន ទៅបុកធុងជ័រស្ដុកទឹកដែលគេដាក់នៅជាយផ្លូវ បណ្ដាលឲ្យបែកធុងទឹកមួយផ្នែក ហើយម៉ូតូចូលទៅនៅក្នុងធុងទឹកនោះ ឯមនុស្សរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។ ហេតុការណ៍នេះ បាសនកើតឡើងនៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៧ ស្ថិតនៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ។

ម៉ូតូបង្ក ម៉ាកយ៉ាម៉ាហាអ៊ិចហ្សាយធើ គ្មានផ្លាកលេខ បើកបរដោយ ឈ្មោះ ផល្លា ធា ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឯកភាព ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (រងរបួសធ្ងន់) រួមដំណើរជាមួយឈ្មោះ ជឿន លី ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ (របួសស្រាល) ។

មុនពេលកើតហេតុ យុវជនទាំង២នាក់ បានធ្វើដំណើរតាមម៉ូតូខាងល់ ពីកើតទៅលិចក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកធុងស្ដុកទឹកជ័រ ពណ៌ខៀវ ទុកនៅជាយផ្លូវខាងជើង បណ្ដាលឲ្យបែកធុងទឹកមួយផ្នែក ហើយម៉ូតូចូលទៅនៅក្នុងធុងទឹកនោះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះជួយអន្តរាមគន៍ បញ្ជូនអ្នករងរបួសធ្ងន់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕