ខេត្តកណ្តាល៖ ជនសង្ស័យប្រុសស្រីវ័យចំណាស់៣នាក់ បានបន្លំខ្លួនជាអ្នកទៅទិញខោអាវក្នុងហាងមួយ ហើយឆ្លៀតឱកាសលួចទៅរួតកាបូប យកលុយម្ចាស់ហាងបានជាង១ពាន់ដុល្លារ ហើយនាំគ្នាជិះម៉ូតូគេចខ្លួន ។ ពេលម្ចាស់ដេញតាម បាចលុយជាង៨០០ដុល្លារ ឲ្យម្ចាស់វិញ នៅតែសមត្ថកិច្ចតាមចាប់វាយខ្នោះបាន។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៧និង៣៥នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចតូបលក់ដូរ ក្នុងភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ។

ជនសង្ស័យទាំង៣នាក់នោះ គឺ៖ ០១.ឈ្មោះទិត្យ អេះ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពាមមន្ទា ឃុំពាមមន្ទា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ស្នាក់នៅផ្ទះជួលសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អ្នកបើកម៉ូតូ។ ទី០២.ឈ្មោះ ពិន ភីរ៉ាត់ ភេទស្រី អាយុ៦៥ឆ្នាំ មានទីលំនៅភូមិភ្នំតូច ស្រុកបាទីខេត្តតាកែវ មុខរបរមិនពិតប្រាកដ ។ ទី០៣.ឈ្មោះឡឹង គន្ធា ភេទស្រី អាយុ៦៩ឆ្នាំមានទីលំនៅភូមិ ឃុំ ស្រុកកោះធំខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។

ចំណែកជនជនរងគ្រោះ ០១នាក់ឈ្មោះគា ស្រីមុំ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរខោអាវមានទីលំនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សម្ភារៈបាត់បង់ប្រាក់អាមេរិក ១.១៩៥ដុល្លារ ជារបស់ជនរងគ្រោះ និងវត្ថុតាងចាប់យក៖ម៉ូតូហុងដាឌ្រីម១២៥ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BJ.5452 ពណ៌ខ្មៅ របស់ជនសង្ស័យ ទិត្យ អេះ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងបញ្ចុកបាយកូននៅក្នុងតូបលក់ដូរ ពេលនោះមានជនសង្ស័យជាស្ត្រី ០២នាក់បានចូលមកសួររកទិញខោអាវ ។ ឆ្លៀតពេលនោះ ជនសង្ស័យឈ្មោះពិន ភីរ៉ាត់ បានលួចចូលរួតកាបូបដាក់លុយរបស់ជនរងគ្រោះយកលុយ១.១៩៥ដុល្លារ រួចនាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានឃើញក្រដាសប្រាក់១០០ដុល្លារ ជ្រុះនៅក្បែរកាបូបលុយ ក៏សួរទៅប្តីថា ៖មានរួតកាបូបលុយអត់ ពេលនោះប្តីបានឆ្លើយថា មិនបានបើកទេ។ រួចក៏នាំគ្នាបើកកាបូបមើល ទើបដឹងថា បាត់លុយ១.១៩៥ដុល្លារ ។ ភ្លាមៗនោះ ប្តីជនរងគ្រោះ ក៏ជិះម៉ូតូដេញតាមជនសង្ស័យរហូតដល់ចំណុចវត្តព្រែកដូង ជនសង្ស័យក៏ដកលុយបាចតាមផ្លូវ ។ ពេលនោះ ប្តីជនរងគ្រោះក៏ឈប់រើសបាន៨៨៥ដុល្លារ និងទាក់ទងឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ជួយស្ទាក់ចាប់បានជនសង្ស័យ នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើប្រាកដមែន ។
ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ៕