ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបចាប់ខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជាបន្តបន្ទាប់ចំនួន៨នាក់ ដកហូតវត្ថុតាងគ្រឿងញៀនចំនួន៦៣គីឡូក្រាម និងវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួននៅប៉ុស្តិ៍ព្រំដែនខែ្មរ-វៀតណាម នាំមកចាត់ការតាមផ្លូវច្បាប់។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ក្រុមឧក្រិដ្ឋជនជួញដូរថ្នាំញៀន ដែលសមត្ថកិច្ចបង្រ្កាបនេះ មាន២សញ្ជាតិខ្មែរ និងវៀតណាម ហើយថ្នាំញៀនទាំងនេះ ក្រុមជនសង្ស័យបានដឹកជញ្ជូនពីរាជធានីភ្នំពេញ ឆ្លងកាត់ស្រុកស្វាយជ្រំ ឆ្ពោះទៅប្រទេសវៀតណាម តាមព្រំដែនឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទៅឲ្យបក្ខពួកជាជនជាតិវៀតណាម នៅចំណុចភូមិចូវម៉ាយ ឃុំទៀងប៊ិញ ស្រុកវិញហ៊ឹង ខេត្តឡុងអាន ប្រទេសវៀតណាម តែត្រូវកម្លាំងសមត្ថកិច្ចខែ្មរ សហការជាមួយសមត្ថកិច្ចវៀតណាម បង្ក្រាបបាននៅវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ដោយចាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ភេទប្រុស និងដកហូតរថយន្ត១គ្រឿងយកមកពិនិត្យឆែកឆេរកឃើញសង្ស័យគ្រឿងញៀនមួយចំនួនធំផងដែរ នាំមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ដើម្បីធ្វើការសាកសួរ។

ប្រភពបន្តថា នៅពេលនោះ ជនសង្ស័យ បានសារភាពថា គេទទួលពីក្រុមជនសង្ស័យជាជនជាតិខ្មែរ រហូតដ់ល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគបាលខេត្ត សហការជាមួយនគបាលស្រុកស្វាយជ្រំ ចុះបង្ក្រាបចាប់ខ្លួនបានជនសង្ស័យ៦នាក់ទៀត និងដកហូត ហ្វេតំតាមីនចំនួន៦។ លុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ បន្តចាប់ខ្លួនជនសង្ស័យបាន២នាក់ទៀត ចំណែកមេខ្លោងធំ សមត្ថកិច្ចកំពុងតាមប្រមាញ់។

ក្រុមជនសង្ស័យ និងវត្ថុតាងថ្នាំញៀនជាង៦០គីឡូ ត្រូវសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តស្វាយរឿង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕