ភ្នំពេញ ៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយ ក្រឹម បានទៅទទួលកូនប្រុសរបស់លោកនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយនឹងទឹកមុខសប្បាយរីករាយ និងមានមោទនភាពជាទីបំផុត។ បន្ទាប់ពីកូនប្រុសរបស់លោកទៅបំពេញបេសកកម្មនៅប្រទេសម៉ាលី ក្រោយឆត្រអង្គការសហប្រជាជាតិ ។

យោងតាមគណណីហេ្វសប៊ុក របស់លោកអ៊ូ ប៊ុណ្ណារ៉ាត់ បានបង្ហោះសារខ្លីមួយថា “ថ្ងែនេះមកទទួលកូនមកពីប្រទេសម៉ាលីវិញហើយ ។ កូនខ្ញុំបានបំពេញកាតព្វកិច្ចជូនជាតិមាតុភូមិ សូមអរគុណដល់ថ្នាក់ដឹងនាំគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានផ្ដល់ឱកាសដល់កូនរបស់ខ្ញុំ »។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ តាមរយៈគណនីហ្វេសប៊ុករបស់ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានបញ្ជាក់ថា “ទៅរក UN ឯណាមកជួយខ្មែរទៀតមានតែ UN ខ្មែរទៅជួយគេម្តង ។ ថ្ងៃនេះកងទ័ពមួកខៀវកម្ពុជាចេញទៅបំពេញការងាររក្សាសន្តិភាពនៅបណ្តាប្រទេសដែលកំពុងរងគ្រោះភ័យ ក្នុងចំណោមទាហានមួកខៀវខ្មែរ លើកនេះកមានវត្តមានកូនប្រុសរបស់លោកពូ អ៊ូ ប៉ុណ្ណារ៉ាត់ ហៅក្រឹម ចូលរួមផងដែរ នៅព្រលានយន្តហោះថ្ងៃនេះឃើញពូនិងមីង ញញឹមជូនដំណើរកូនក្នុងភាពមោទនគ្រួសារ និងជាតិ ។ សូមជូនពរប្អូន និងក្រុម UN ខ្មែរទាំងអស់បានជោគជ័យក្នុងការងារជាប្រវត្តិសាស្រ្តនេះ ”។