ភ្នំពេញ៖ ស្ត្រីម្នាក់ដោយសាតូចចិត្តនិងប្តីផឹកស៊ី និយាយណែនាំមិនស្តាប់ តូចចិត្តខ្លួនឯង ក៏ចងកធ្វើអត្តឃាតដោយយកក្រម៉ាចងកនឹងចង្រឹងបង្អូច ។ ហេតុការណ៍នេះបានបង្ករការភ្ញាក់ផ្អើល ប្តឹងសមត្ថកិច្ចមូលដ្ឋានកាលពីម៉ោង២២និង៣០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅផ្ទះល្វែងក្នុងបុរីលឹមឈាងហាក់ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីដែលគិតខ្លីខាងលើ ឈ្មោះ ទូច យឹម អាយុ ២៨ឆ្នាំ មុខរបរកម្មការនីរោចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកប្តីឈ្មោះ ឌុត សំអាត អាយុ៣៧ឆ្នាំ ជាជនពិការ (ស្វិតជើងសងខាង) មានមុខរបរ ជាគ្រូបង្រៀន ភាសារចិននៅផ្ទះទីតាំងខាងលើ។

ប្រភពពីបុរសជាប្តីបានឲ្យដឹងថា មុនកើតហេតុក្រោយពីគាត់បង្រៀនសិស្សចប់ បានហៅបងប្រុសមកហូបបន្តិចបន្តួចមុខផ្ទះ ពេលនោះប្រពន្ធគាត់បានអង្គុយលេងទូរស័ព្ទក្នុងផ្ទះ និងបានឆាតមកឲ្យគាត់ឈប់ផឹក ពេលនោះគាត់បានឆាតទៅវិញដោយឌឺដងរបៀបលេងសើច ។ ក្រោយពីគាត់ឈប់ផឹក ក៏ចូលបន្ទប់ងូតទឹកលុះចេញមកវិញស្រាប់តែឃើញប្រពន្ធគាត់ចងកសម្លាប់ខ្លួនដោយយកក្រម៉ាចងកនឹងចង្រឹងបង្អួចទៅហើយ ទោះបីគាត់ និងប្រជាពលរដ្ឋខំព្យាយាមជួយសង្គ្រោះ ក៏មិនអាចសង្គ្រោះបានដែរ ។ បុរសជាប្តីបានប្រាប់ទៀតថា កន្លងមកប្តីប្រពន្ធគាត់ស្រឡាញ់គ្នាណាស់ មិនដែលមានទំនាស់អ្វីឡើយ មិនគួរគាត់គិតខ្លីដល់ថ្នាក់ទៅចងកសម្លាប់ខ្លួនទេ។

តាមការចុះពិនិត្យរបស់សមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេសវិជ្ជាសាស្ត្ររាជធានីភ្នំពេញ និងក្រោមការពិនិត្យរបស់ឧកញ៉ា វិជ្ជៈបណ្ឌិត នង សុវណ្ណរ័ត្ន ជាគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញបានបញ្ជាក់ថា ស្ត្រីខាងលើពិតជាធ្វើអត្តឃាត ដោយយកក្រម៉ាចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ។ បច្ចុប្បន្នសពបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕