ខេត្តភ្នំពេញ៖ ក្រោយពីមានការបង្ហោះវីដេអូខ្លីមួយ ស្ដីពីសកម្មភាពក្រុមសង្គមងងឹតជនជាតិចិន ជាង១០នាក់ ដែលប្រកាសខ្លួនឯងថា មកពីទីក្រុង Chongqing ប្រទេសចិន ហើយនិយាយក្អេងក្អាងថា នឹងបង្កអសន្តិសុខនៅខេត្តព្រះសីហនុ នោះ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបានអះអាងថា៖ «ក្រោយការស៊ើបអង្កេតយ៉ាងម៉ត់ចត់ របស់សមត្ថកិច្ចចិន រកឃើញថា វីដេអូនេះត្រូវបានថតដោយជនជាតិចិន មកពីទីក្រុង Chongqing ដែលបានមកធ្វើការនៅប្រទេសកម្ពុជា កាលពីខែមីនាឆ្នាំ២០១៩នេះ ហើយក្រោយពីស្រវឹងស្រា ពួកគេបានថតវីដេអូមិនល្អបែបនេះ ដោយគ្រាន់ជាការលេងសើចប៉ុណ្ណោះ។ បុគ្គលទាំងឡាយនៅក្នុងវីដេអូនេះ មិនមានជាប់ពាក់ព័ន្ធនឹងសង្គមងងឹតណាមួយទេ»។

ស្ថានទូតចិន បានបញ្ជាក់បន្ថែមថា «ឆ្នាំនេះគឺជាឆ្នាំសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិន និងកម្ពុជា ភាគីទាំងពីរនឹងចាត់វិធានការណ៍ជាក់ស្ដែង ធ្វើឲ្យកាន់តែស៊ីជម្រៅលើ កិច្ចសហការផ្នែកសន្តិសុខ និងការអនុវត្តច្បាប់ ដែលនឹងនាំមកនូវភាពសុខដុមរមនា និងអត្ថប្រយោជន៍ជូនដល់ប្រជាជនប្រទេសទាំងពីរ»។

សូមជំរាបថា កាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មានថា ក្រុមសង្គមងងឹតជនជាតិចិន ដែលព្រមានចង់បង្កធ្វើព្យុះភ្លៀង ក្នុងខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជា មិនស្ថិតនៅក្នុងប្រទេសកម្ពុជាឡើយ ហើយវីដេអូនោះទៀតសោត គឺជាឃ្លីបវីដេអូចាស់។

កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩កន្លងទៅមន្រ្តីខាងស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រាប់បណ្តាញព័ត៌មានឱ្យដឹងថា កម្លាំងសមត្ថកិច្ចរបស់កម្ពុជា និងកម្លាំងសមត្ថកិច្ចរបស់ចិន សហការគ្នាតាមចាប់ខ្លួនជនជាតិចិនមួយក្រុម ដែលបានបញ្ចេញវីដេអូគំរាម បង្កអសន្តិសុខនៅខេត្តព្រះសីហនុ ឲ្យទាល់តែបាន ៕