ខេត្តកំពង់ឆ្នាំង៖ សង្វៀនបញ្ជល់មាន់ភ្នាល់ដាក់ប្រាក់មួយកន្លែង នៅជាប់ព្រំប្រទល់ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង បើកប្រតិបត្តិការបង្ក្រាប នៅវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ប៉ុន្តែអ្វីដែលពលរដ្ឋនាំគ្នាហួសចិត្តសើចចង់រយះមាត់នោះ គឺសមត្ថកិច្ចចាប់បានតែរបស់អត់ជើងរត់យកដុតចោល រួចថតបង្អួតមេយកស្នាដៃ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់នេះ ធ្វើឡើងដោយកម្លាំងនគរបាលស្រុកសាមគ្គីមានជ័យ សហការកម្លាំងនគរបាលមូលដ្ឋាន ក្រោមបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ។ ជាលទ្ធផល សមត្ថកិច្ចរឹបអូសស៊ុមក្រុងមាន់ចំនួន១៣ តង់កៅស៊ូចំនួន១ កៅអីជ័រចំនួន១៥ និងសម្ភារៈផ្សេងៗមួយចំនួនទៀត និងត្រូវដុតកម្ទេចចោលនៅនឹងកន្លែង។ ដោយឡែក ក្រុមអ្នកលេងល្បែងជល់មាន់នេះនាំគ្នារត់បាតជើងសព្រាតអស់ ដោយពួកគេបានផ្ញើម៉ូតូ និងរថយន្តនៅតាមផ្ទះរបស់ប្រជាពលរដ្ឋខាងទឹកដីខេត្តកំពង់ស្ពឺ ឯណោះ និងមានអ្នកចាំយាមផ្លូវទៀត ខណៈសមត្ថកិច្ចទៅដល់ ពួកគេក៏ដឹងខ្លួន នាំរត់យករួចខ្លួនតែម្ដង។

ជុំវិញនឹងប្រតិបតិ្តការបង្ក្រាបកន្លែងជល់មាន់របស់សមត្ថកិច្ចខេត្តកំពង់ឆ្នាំង នេះ ប្រជាពលរដ្ឋរស់នៅទីនោះ នាំគ្នាអស់សំណើចជាខ្លាំង មិនគួរណាសមត្ថកិច្ចអសមត្ថភាពបែបនេះសោះ មានកម្លាំងទាំងហ្វូង មានទាំងអាវុធកាន់នឹងដៃទៀត តែចាប់អ្នកមកបញ្ជល់មាន់មិនបានម្នាក់សោះ ពោលគឺ បានត្រឹមតែប្រមូលវត្ថុតាងដុតបំផ្លាញចោល រួចថតរូបយកទៅបង្អូតមេកើយរបស់ខ្លួនយកស្នាដៃដ៏មហាធំធេងនេះ៕