ភ្នំពេញ ​៖ យោង​តាម​មន្ត្រីជាន់ខ្ពស់​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ មុន​នេះ​ថា ករណី​កញ្ញា យិ​ន ម៉ា​ណា ដែល​បាន​បើករថយន្ត RangRover បុក​និស្សិត​ស្រី​ឈ្មោះ ឌុំ រី​ដា ស្លាប់ ស្រាប់តែ​នៅ​រសៀល​ថ្ងៃ​ទី ១៧ ខែឧសភា នេះ តុលាការ​បាន​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល១​ឆ្នាំ ប៉ុន្តែ​ទោស​នេះ​ត្រូវ​អនុវត្ត​តែ២​ខែ​ប៉ុណ្ណោះ ឯ១០ខែ ត្រូវព្យួរ

សាលក្រម​នេះ​ត្រូវ​បាន​ប្រកាស​ដោយ លោក​អ៊ុ​ក សុ​វ​ណ្ណា​រិ​ទ្ធ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​មាន​អ្នកស្រី ស៊ឺ វណ្ណ​នី ជា​តំណាង​អយ្យការ ។

ការ​អនុវត្ត​ទោស ត្រូវ​គិត​ចាប់តាំងពី​នាង ត្រូវ​បាន​ឃុំខ្លួន​នៅ​ថ្ងៃ​ទី​២៩ ខែមេសា​មក​។ ដូច្នេះ បើ​គិត​ទៅ នាង​ជាប់ពន្ធ​ន​គារ​ជិត​២​ខែ​ទៅ​ហើយ​មក​ពេល​នេះ ដោយនៅ​ខ្វះ​តែ​ជាង​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ គ្រប់​រយៈពេល​២​ខែ​នេះ នាង នឹង​ត្រូវ​ដោះ​លែង (​ប្រហែល​ចុងខែ​ឬ​ដាច់​ខែឧសភា​នេះ​)​។

លោក សុខ អួ​ង មេធាវី​ស្ម័គ្រចិត្ត​របស់​សម្តេច ហ៊ុន សែន ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ការពារ​ក្តី​ជូន​គ្រួសារ​របស់​កញ្ញា ឌុំ រី​ដា ដែល​បាន​បាត់​ជីវិត ដោយសារ​នាង យិ​ន ម៉ា​ណា បើកឡាន​បុក បាន​ប្រាប់​សារព័ត៌មាន​ថ្មី​ៗ​តាម​ទូរ​សព្ទ ក្រោយ​ការ​ប្រកាស​សាលក្រម​ថា តុលាការ ទុក​សិទ្ធិ​ឲ្យ​ខាង​នាង យិ​ន ម៉ា​ណា ប្តឹង​ទៅ​សាលាឧទ្ធរណ៍ ប្រសិនបើ មិន​សុខចិត្ត​។

សូម​រំ​ឮ​កថា រថយន្ត Rang Rover ស៊េរី​ថ្មី​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​កញ្ញា យិ​ន ម៉ា​ណា ក្នុង​ល្បឿន​លឿន​បាន​ទៅ​បុក​ម៉ូតូ និស្សិត​ឆ្នាំ​ទី​៤​ម្នាក់​ឈ្មោះ ឌុំ រី​ដា អាយុ​២៣​ឆ្នាំ មុខរបរ​និស្សិត​ឆ្នាំ​ទី​៤ មានស្រុក​កំណើត​នៅ​ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ហោះ​ដូច​សំឡី​បោក​ផ្ទប់​ជញ្ជាំង​ផ្ទះ​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​ហើយ​បាន​បើក​រត់​បាត់​ស្រមោល​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ២​រសៀល ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវបែក​ជា​បួន ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥២៨ កែង​ផ្លូវ​លេខ​៣១៧ ក្នុង​សង្កាត់​បឹង​កក​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ៕