ខេត្តកណ្តាល៖ បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម នៅកណ្តាលវាល ត្រង់ចំណុចខាងជើងវត្តត្រពាំងឈូក ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។

ជនរងគ្រោះ ដែលគេប្រទះឃើញដេកស្លាប់នេះ មានឈ្មោះវ៉េង ប៊ុនធឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះសាម វណ្ណា ជាអនុភូមិត្រពាំងឈូក និងប្រជាពលរដ្ឋ បានដើរឆ្លងកាត់នៅចំណុចកើតហេតុ ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់គួរឲ្យសង្វេគ បង្កឲ្យមានការផ្អើលឡើង និងរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ព្រែកគយ អន្តរាគមន៍តែម្តង។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍មានករណីប្រទះឃើញសាកសព កម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ គ្រូពេទ្យ ក្រុមប្រឹក្សាឃុំ អនុភូមិ បានធ្វើការពិនិត្យសពជនរងគ្រោះ រួចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ មិនជាប់ពាក់ព័ន្ធនឹងឃាតកម្មទេ រួចក៏ប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕