ភ្នំពេញ៖ យុវជនម្នាក់ និងបក្ខពួក ខណៈដែលបើកម៉ូតូដើរលេងយប់ ស្រាប់តែមានរថយន្តដឹកត្រីបើកកៀរម៉ូតូខ្លួន ក៏ផ្ទុះកំហឹងបើកម៉ូតូតាមកាក់មុខរថយន្ត រហូតក្លាយជាអំពើហិង្សាវាយតប់គ្នា បណ្ដាលឲ្យរបួសទាំងសងខាងបែកក្បាលហូរឈាមកក្លាក់ចំនួន៣នាក់។
ករណីហិង្សានេះ បានកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង១៥នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចយឺត្រីគីឡូម៉ែតលេខ៩ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរះទី២ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះនៅក្នុងហេតុការណ៍វាយតប់គ្នានេះ ទី១.ឈ្មោះរ៉ូ សាលី ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឫស្សីកែវ របួសបែកក្បាល (ភាគីខាងម៉ូតូ) ។ ចំណែក ជនរងគ្រោះភាគីរថយន្ត២នាក់ទៀត មិនត្រូវបានស្គាល់ឈ្មោះទេ។

ជនរងគ្រោះភាគីម៉ូតូ បានឲ្យដឹងថា មុនពេលកើតហេតុ រូបជិះម៉ូតូមួយគ្រឿង ជាមួយមិត្តភក្ដិទៅញាំបាយនៅគីឡូម៉ែតលេខ៦ ពេលជិះត្រឡប់មកវិញ រថយន្តដឹកត្រីមួយគ្រឿង ម៉ាក FUSO ពណ៌ខៀវលាយស ពាក់ស្លាកលេខ ចង្កូតស្តាំ PSHN0573 បើកកៀរពួកគេ ហើយមកឈប់ចំមុខផ្ទះរបស់គេទៀត ទើបពួកគេនាំគ្នាសួរនាំ ស្រាប់តែភាគីរថយន្តមានគ្នា៥នាក់ មានកាន់ទីបគ្រប់ដៃ មកព្រួតវាយរូបតែម្តង បណ្តាលឲ្យរូបគេបែកក្បាលហូរឈាម ទើបមានការប្រតាយប្រតប់គ្នា បណ្ដាលឲ្យឲ្យបុរស២នាក់ ជាកម្មករដឹកត្រីនោះ រងរបួសធ្ងន់បែកក្បាលតែម្តង។

ដោយឡែក ជនរងគ្រោះរថយន្តដឹកត្រីវិញ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេបើកឡានដឹកត្រីមកពីខេត្តព្រៃវែង បំណងដាក់ឲ្យម៉ូយនៅព្រែកព្នៅ ស្រាប់តែភាគីម៉ូតូមិនដឹងជិះម៉ូតូមកពីណា ក្នុងស្ថានភាពស្រវឹង បានយកដុំថ្មមកដេញគប់រថយន្តគាត់ និងកាក់រថយន្តពួកគាតឲ្យឈប់ ហើយមានគ្នាច្រើននាក់ មកព្រួតវាយពួកគាត់ ទើបគាត់វាយបកការពារខ្លួនវិញ បណ្តាលឲ្យរងរបួសបែកក្បាលទាំងសងខាងតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានចុះអន្តរាគមន៍ នាំភាគីទាំង២ទៅមន្ទីរពេទ្យលាងនិងរុំមុខរបួស ទើបនាំមកសាកសួរ ដើម្បីធ្វើកំណត់ហេតុចាត់ការតាមនីតិវិធី៕