ខេត្តតាកែវ៖ បុរសជាស្មៀនឃុំសិង្ហម្នាក់ ខណៈដែលទៅចូលពិធីមង្គលការកូនអ្នកភូមិមិនចាប់អារម្មណ៍ ស្រាប់តែត្រូវគូទំនាស់ចាស់ទាញដំបងឫស្សីមកវាយ បណ្តាលឲ្យបែកក្បាលហូរឈាមកក្លាក់ បង្កឲ្យមានការភ្ញាក់ផ្អើលពេញរោងការ។ ករណីហិង្សានេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៩យប់ នៅភូមិព្រៃខ្នា ឃុំសិង្ហ ស្រុកសំរោង ។
ជនដៃដល់មានឈ្មោះឡុង គីម ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិត្រពាំងកី ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ ។ ចំណែក ជនរងគ្រោះឈ្មោះសុខ សានឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរស្មៀនឃុំ (របួសបែកក្បាល) រស់នៅភូមិតាសំ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅចូលរួមពិធីមង្គលការកូនអ្នកភូមិនៅចំណុចខាងលើ លុះដល់វេលាកើតហេតុ ខណៈដែលជនរងគ្រោះមិនចាប់អារម្មណ៍ ស្រាប់តែជនដៃដល់ទាញដំបងឫស្សីមកវាយជនរងគ្រោះចំក្បាល បណ្តាលឲ្យបែកហូរឈាមកក្លាក់ បង្កឲ្យមានការភ្ញាក់ផ្អើលពេញរោងការ។ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យដេរមុខរបួស រីឯជនដៃដល់ត្រូវបានអ្នកនៅទីនោះ នាំគ្នាចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា គាត់ពិតជាបានវាយទៅលើជនរងគ្រោះពិប្រាកដមែន។ មូលហេតុនៅពេលដែលគាត់បានយកលិខិតស្នាមបញ្ជាក់រឿងដីធ្លីនៅសាលាឃុំ ត្រូវជនរងគ្រោះទារលុយ ហើយក៏មានការជជែកគ្នា ទើបគាត់មានគំនុំជាមួយជនរងគ្រោះរហូតមក។ លុះដល់វេលាកើតហេតុ ពេលគាត់ឃើញជនរងគ្រោះមកចូលពិធីមង្គលការកូនអ្នកភូមិ ធ្វើឲ្យភ្លើងគំនុំចាស់នៅក្នុងខ្លួនគាត់ឆាបឆេះឡើយមួយរំពេច ទប់ចិត្តមិនបាន ក៏ទាញដំបងឫស្សីវាយលើជនរងគ្រោះបែកក្បាល ដើម្បីបញ្ចេញកំហឹងតែម្តង។
ជនសង្ស័យត្រូវសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសំរោង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមច្បាប់៕