ខេត្តបន្ទាយមានជ័យ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករះម៉ូតូ០៤គ្រឿង បណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស បានកើតឡើងនៅវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

មុនពេលកើតហេតុ រថយន្តម៉ាកអ៊ីហ្សុយស៊ុយ ឌុយមិច ១បាំង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AA-9784 ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ មិនដឹងមូលហេតុអ្វី ស្រាប់តែរេចង្កូតទៅបុករះម៉ូតូចំនួន០៤គ្រឿង បើកបរច្រាស់ទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលចំនួន៩នាក់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង និងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕