ខេត្តកំពង់ស្ពឺ ៖ ជនរងគ្រោះពីរជិះមូតូមួយគ្រឿង ស្រាប់តែមានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក់ បើកបរស្របគ្នា មកបុពីក្រោយ ហើយកិនស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ។
ហេតុការណ៍គ្រោះថ្នាក់វរាចរណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅតាមតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧៩ និង៨០ ត្រង់ចំណុចភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ។

ជនរងគ្រោះដែលរថយន្តកិនស្លាប់នោះ ឈ្មោះ តេវ ភេទប្រុសអាយុ២០ឆ្នាំ រស់នៅក្នុងភូមិព្រៃវៀវ ឃុំធម្មតាអរ ស្រុកសំរោងទង ជាអ្នករួមដំណើរ។ ចំណែកអ្នកបើកបរ ឈ្មោះ ទ្រី គក ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃឬស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច រងរបួសធ្ងន់។

មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក់វ៉េវអាល់ហ្វា ពណ៌ប្រផេះ គ្មានផ្លាកលេខ បើកបរពីលិចទៅកើត។ លុះមកដល់ចំណុចខាងលើ បានដួលដោយខ្លួនឯង ស្របពេលនោះ ក៏មានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក់ បើកបរស្របគ្នា គេចមិនទាន់ ក៍កិន បណ្តាលឲ្យអ្នកជិះម៉ូតូពីក្រោយ ស្លាប់ៗនៅកន្លែងកើតហេតុ និងអ្នកបើកបររងរបួសធ្ងន់។ ចំណែករថយន្តបង្ក បានបន្ថែមល្បឿន បើករត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ អ្នកបើកបរដែលរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះឯមន្ទីរពេទ្យ ឯសពត្រូវបានក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ។ ម៉ូតូខូចខាតស្រាល ត្រូវបានក្រុមគ្រួសារយកទៅប្រើប្រាស់វិញ។
ករណីនេះ សមត្ថកិច្ចជំនាញកំពុងចុះស្រាវជ្រាវរករថយន្តដែលកិនជនរងគ្រោះខាងលើ មកចាត់ការតាមនិតិវិធី៕