ខេត្តកំពង់ឆ្នាំងៈ ស្ត្រីចំណាស់ម្នាក់ ខណៈដែលចេញទៅឃ្វាលគោជាមួយអ្នកភូមិ ស្រាប់តែកើតជំងឺខ្យល់គរ បណ្តាលឲ្យដួលដេកស្លាប់នៅកណ្តាលវាលស្រែយ៉ាងអាណោចអាធ័ម ត្រូវបានគេប្រទះឃើញ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចថ្នល់ទទឹង ភូមិក្រាំងកកោះ ឃុំពេជ្យចង្វារ ស្រុកបរិបូរណ៍ ។
ស្ត្រីរងគ្រោះដែលខ្យល់គរស្លាប់ពេលទៅឃ្វាលគោនេះ មានឈ្មោះវន តេង អាយុ៥៩ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានចេញទៅឃ្វាលគោជាមួយអ្នកភូមិដូចសពដង ពេលទៅដល់កន្លែងឃ្វាលគោបានបែកគ្នារៀងៗខ្លួន។ លុះដល់ពេលត្រឡប់មកវិញ មិនឃើញជនរងគ្រោះ ទើបនាំគ្នាក៏រកឃើញជនរងគ្រោះដេកស្លាប់នៅកណ្តាលវាលស្រែយ៉ាងអាណោចអាធ័មបាត់ទៅហើយ ក៏នាំគ្នាសែងសពស្រ្តីរងគ្រោះត្រឡប់មកផ្ទះ រួចរាយការណ៍ប្រាប់សមត្ថកិច្ច។

ប្រភពបន្តថា ក្រោយពីទទួលបានសេចក្តីរាយការណ៍មានករណីមនុស្សខ្យល់គរ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសពស្រ្តីរងគ្រោះ ឃើញថា ស្រ្តីរងគ្រោះពិតជាខ្យល់គរស្លាប់មែន មិនមាននឹងករណីអ្វីផ្សេងទេ បន្ទាប់មក ក៏ប្រគល់សពជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕