ខេត្តសៀមរាប៖ ជនបរទេសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រហែល១១ និង៥០នាទី យប់ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩ នៅចំណុចបន្ទប់លេខ ២០៣ រីសត សូលីទែរកម្រើក ស្ថិតនៅភូមិ សាលាកម្រើក សង្កាត់ សាលាកម្រើក ក្រុងសៀមរាប។

សពជនរងគ្រោះឈ្មោះ THIESEN NIELS FREDERIK CHRISTOPHER ភេទប្រុស កើតថ្ងៃទី ០៣ វិច្ឆិកា ១៩៨៥ ជនជាតិ ដាណឺម៉ាក កាន់លិខិតឆ្លងដែនលេខ ២១០២៣៧៣៦៥ ជាភ្ញៀវទេសចរ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ឧសភា ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅរីសតកើតហេតុខាងលើ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ និងវេជ្ជបណ្ឌិត គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារសម្ពាធឈាមឡើងគំហុក បណ្តាលឲ្យគាំងបេះដូងស្លាប់។ សពត្រូវបានរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នារាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងមន្រ្តីស្ថានទូតសាម៉ី៕