ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា ២០១៩ បាន​ចុះ​ទៅ​បិទទ្វារ ក្រុមហ៊ុន GCG Asia Co., LTD ដែល​បើក​ស្នាក់​ការ នៅ​វិមាន​កា​ណា​ឌី​យ៉ា ក្នុង​រាជធានី​ភ្នំពេញ ព្រមទាំង​ឃាត់​ប្តី​ប្រពន្ធ​ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​ក្រុមហ៊ុន យក​ទៅ​សួរនាំ ក្រោយ​ពី​ក្រុមហ៊ុន​មួយ​នេះ​បាន​យកឈ្មោះ និង​រូបថត​សម្ដេច​តេ​ជោ ហ៊ុន សែន បង្ហោះ​ក្នុង​គេហទំព័រ​របស់​ខ្លួន ដោយ​ខុសច្បាប់ ដែល​នាំ​ឲ្យ​សម្តេច​តេ​ជោ មាន​ប្រតិកម្ម កាលពី​យប់​ថ្ងៃ​ទី​១៦ ឧសភា ។

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន​ប្រាប់​កាសែត​ថា ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី​នេះ គឺជា​ក្រុមហ៊ុន​ឆបោក​លក្ខណៈ​អន្ដរជាតិ ហើយ​មាន​ប្រទេស​ជា​ច្រើន​នៅ​តំបន់​អាស៊ី បាន​រង​គ្រោះ ដោយសារ​ក្រុមហ៊ុន​នេះ​រួច​ទៅ​ហើយ ។ បន្ទាប់​ពី​មានការ​ស្រាវជ្រាវ មន្ត្រី​ជំនាញ រក​ឃើញ​ថា ក្រុមហ៊ុន​មួយ​នេះ មិន​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ជាមួយ​ធនាគារជាតិ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​នោះ​ទេ ហើយពី​មុន​មក​បោះ​មូលដ្ឋាន​នៅ​កម្ពុជា ក្រុមហ៊ុន​នេះ​ធ្លាប់​រកស៊ី​បោកប្រាស​តំបន់​អាស៊ី មាន​ដូច​ជា​ប្រទេស​ម៉ា​ឡេ​ស៊ី វៀតណាម ឥណ្ឌូ​នេ​ស៊ី សឹ​ង្ហ​បុរី និង​ចិន ជាដើម ។

ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​ខ្មែរ មិន​ទាន់​ចាញ់បោក​ក្រុមហ៊ុន​នេះ​នៅឡើយ​ទេ ហើយ​មាន​ជន​រង​គ្រោះ​ភាគច្រើន ជា​ជនជាតិ​ចិន ព្រោះ​ក្រុមហ៊ុន​មួយ​នេះ ដាក់​លក់ដូរ​តែ​នៅ​ក្រៅប្រទេស​ប៉ុណ្ណោះ ប៉ុន្តែ​មាន​ស្នាក់​ការ​នៅ​កម្ពុជា ។

សូម​រម្លឹក​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា « ដំណឹង​សន្តិសុខ​ជាតិ​បន្ទាន់​! កាលពី​ពេល​ថ្មី​ៗ​នេះ មាន​ក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បាន​យក​រូបថត​ខ្ញុំ និង​ឈ្មោះ​ខ្ញុំ ទៅ​បង្ហោះ​នៅ​ក្នុង Website របស់​ក្រុមហ៊ុន http://gcgasiacoin.com/ ដែល​និយាយ​ថា ខ្ញុំ​ជា​អ្នកគាំទ្រ និង​ចូលរួម​សម្ពោធ​កាត់​ខ្សែបូ​ក្រុមហ៊ុន នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ២០ ខែ ឧសភា ២០១៩​។ ទន្ទឹម​នឹង​នោះ ក្រុមហ៊ុន​នេះ បាន​យកឈ្មោះ​ធនាគារជាតិ និង​ធនាគារ​ចិន​ នៅ​កម្ពុជា​ថា ​ជា​ដៃគូ​ទទួលខុសត្រូវ​ក្នុង​ជំនួញ​ដូរ​លុយ​ក្នុង​រូបភាព​គ្រីប​តូ​ឃឺ​រិ​ន​ស៊ី (Crypto Currency) ។ តាម​ព័ត៌មាន​ពី​ស្ថានទូត​ឥណ្ឌូ​ណេ​ស៊ី​នៅ​កម្ពុជា​ គឺ​បញ្ជាក់​ថា GCG Asia ជា​ក្រុមហ៊ុន​រកស៊ី​មិន​ត្រឹមត្រូវ ហើយ​ត្រូវ​បាន​ដាក់​ចូល​ក្នុង Black List ។

ក្នុង​នាម​ខ្ញុំ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​បដិសេធន៍​ព័ត៌មាន​ដែល​ផ្សាយ​ក្នុង​វេ​ប​សាយ​របស់​ក្រុមហ៊ុន​ខាងលើ​នេះ​គឺ​មិន​ពិត​ទេ​។ សូម​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ទាំងអស់​ពិនិត្យ​តាមដាន និង​ស្រាវជ្រាវ​រកមុខ​ជនខិលខូច​យក​មក​ផ្តន្ទារ​ទោស​តាម​ច្បាប់​ជា​ធរមាន​ជា​បន្ទាន់ ។

សូម​បងប្អូន​ប្រជាពលរដ្ឋ និង​ពាណិជ្ជករ​ទាំង​ក្នុង​និង​ក្រៅប្រទេស​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​ទិញ​ដូរ​ប្រាក់​ដែល​គ្មាន​ការ​អនុញ្ញាត្តិ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​» ៕