ភ្នំពេញ៖ ក្មេងស្ទាវ៥នាក់ជិះម៉ូតូពីរគ្រឿង ប្រដេញគ្នាក្នុងល្បឿនលឿន ចៃដន្យជ្រុលចង្កូតទៅបុករ៉ឺម៉កដឹកបន្លែមួយគ្រឿងកំពុងឆ្លងផ្លូវ ឲ្យក្រឡាប់បះជើងម្ខាង បណ្ដាលឲ្យមនុស្សរបួសធ្ងន់៦នាក់ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្សារស្ទឹងមានជ័យចាស់ តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករ៉ឺម៉កដឹកបន្លែមួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃ ចូលទៅផ្លូវបេតុង ស្រាប់តែមានម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាកហុងដាឌ្រីម សង់ស៊េរី ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG-6971 ជិះដោយក្មេងស្ទាវ៣នាក់ និងមួយគ្រឿងទៀត ម៉ាកស៊ុយស៊ូគីនីក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HI-8179 ជិះដោយក្មេងស្ទាវ២នាក់ បើកប្រដេញគ្នាក្នុងល្បឿនលឿន បញ្ច្រាសទិសដៅគ្នាពីលិចទៅកើត បុកពេញទំហឹងបណ្តាលឲ្យរ៉ឺម៉កក្រឡាប់បះជើងម្ខាង និងបង្កឲ្យមនុស្សរងរបួសធ្ងន់ទាំង៦នាក់ ត្រូវថយន្តសង្គ្រោះបន្ទាន់គ្លីនីកហុង ហាក់ ដឹកយកទៅសង្គ្រោះបន្ទាន់ចំនួន៥នាក់ និងរថយន្តសង្គ្រោះបន្ទាន់ក្លីនីក រស្មី ដឹកយកទៅសង្គ្រោះបន្ទាន់ចំនួន១នាក់ ។ រីឯរ៉ឺម៉ក និងម៉ូតូរងការខូចខាតយ៉ាងដំណំដូចគ្នា ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែង និងយករ៉ឺម៉កនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕