ខេត្តព្រះសីហនុ៖ រថយន្តFUSO ដឹកទូកុងតឺន័រមួយគ្រឿង កំពុងបោះពួយយ៉ាងលឿន ស្រាប់តែរបូតកង់ក្រោយមួយ រមៀលទៅបុករថយន្តតាកូម៉ា បណ្ដាលឲ្យខូចខាតផ្នែកខាងមុខទាំងស្រុង តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ២០១៩ លើផ្លូវជាតិលេខ៤ ចំណុចចន្លោះគីឡូម៉ែត្រលេខ១៣៨ និង១៣៩ ស្ថិតក្នុងភូមិ/ឃុំចំការហ្លួង ស្រុកកំពង់សីលា ។

មុនពេលកើតហេតុ រថយន្តម៉ាកFUSO ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-7627 បើកបរដោយឈ្មោះ ឆាយ សម្បិត្ត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិត្រពាំងខ្នា ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ធ្វើដំណើរក្នុងទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ ។

លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តរបូតកង់ខាងក្រោយ ផ្នែកខាងឆ្វេង រមៀលទៅរថយន្តតាកូម៉ាពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-3815 មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ហួត ហ៊ុយលីន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្ដាលឲ្យខូចខាតផ្នែកខាងមុខទាំងស្រុង តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ។
ក្រោយពេលកើតហេតុ រថយន្តទាំងពីរគ្រឿងត្រូវបានកម្លាំងជំនាញ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីដោះស្រាយគ្នាតាមនីតិវិធី ៕