ភ្នំពេញ៖ រថយន្តបែនដឹកដីមួយគ្រឿង បើកបរបោះពួយយ៉ាងលឿនដូចហោះ ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករះរថយន្ត៣គ្រឿង បណ្តាលឲ្យរថយន្តមួយគ្រឿងរុញទៅបុកផ្ទះប្រជាពលរដ្ឋ រងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យលោកតាម្នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ទត់នេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវទំនប់កប់ស្រូវ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបែនដឹកដីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C- 7347 បើកបរដោយឈ្មោះវ៉ា ហៀង អាយុ២៧ឆ្នាំ បើកបរទិសដីពីលិចទៅកើត ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ ដោយសារតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2R- 1343 រួចរុញចូលផ្ទះលក់នំបញ្ចុក រងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យលោកតាម្នាក់រងរបួសធ្ងន់ ហើយពេលនោះ រថយន្តបង្កមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុករថយន្ត២គ្រឿងទៀត និងស្លាកប៉ាណូ បណ្តាលឲ្យរងការខូចខាត។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តទាំង៤គ្រឿង ត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ធ្វើការវាស់វែង និងកំណត់ហេតុរួចរាល់ បានអូសទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕