ភ្នំពេញ៖ តារាចម្រៀងរួមអាជីព គឺអ្នកនាង មាស សុខសោភា បានសម្តែងនូវការសោកស្តាយ និងប្រកាសជាសាធារណៈថា ខ្លួនមិនបានចូលរួម ថ្ងៃពិសេសរបស់ឱក សុគន្ធកញ្ញា នោះទេ។ តែនាងបានរៀបរាប់នូវប្រវត្តិរឿងរ៉ាវជូរចត់ជាច្រើន បានឆ្លងកាត់កន្លងមកជាមួយ ឱក សុគន្ធកញ្ញា តាំងពីនាងចូលដល់ទឹកដីក្រុងភ្នំពេញ ជាលើកដំបូង។
មុននេះបន្តិច តារាចម្រៀងរួមអាជីព គឺអ្នកនាង មាស សុខសោភា បានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុករបស់នាងថា៖

កញ្ញា គឺមិនត្រឹមតែជាមិត្ររួមការងារម្នាក់នោះទេ ថែមទាំងជាប្អូនស្រីដ៍ល្អម្នាក់របស់ខ្ញុំ។ យើងបានចែករំលែកអាថ៌កំបាំងជាច្រើន និងឆ្លងកាត់នូវអនុស្សាវរីយ៍សប្បាយរីករាយរួមគ្នារាប់មិនអស់។ អរគុណសម្រាប់ការណែនាំដល់បងស្រីម្នាក់នេះ អំពីមេរៀនជីវិតជាអ្នកចម្រៀងនាពេលរាត្រី កំឡុងពេលដែលនាងខ្ញុំមកដល់រាជធានីភ្នំពេញដំបូង អរគុណសម្រាប់ការណែនាំដល់បងស្រីម្នាក់នេះឱ្យយល់និងស្គាល់អំពីអ្វីទៅដែលជាភាពសប្បាយរីករាយ និងការកំសាន្តជាមួយក្រុមការងារ។ អនុស្សាវរីយ៍ដ៏ជូចត់មិនអាចបំភ្លេចបាននោះ គឺពេលវេលាដែលកញ្ញាជួយខ្ញុំផ្លាស់ប្តូរសំបកកង់របស់ខ្ញុំ ទាំងកណ្តាលយប់នៅលើស្ពានជ្រោយចង្វារ នៅពេលដែលយើងចេញពីច្រៀងជាមួយគ្នា។
អ្នកនាង មាស សុខសោភា សរសេរបញ្ជាក់ថា សម្លាញ់ម្នាក់នេះ បងស្រីម្នាក់នេះ ពិតជារំភើប ត្រេកអរជាខ្លាំងដែលសម្លាញ់ ក៏ដូចជាប្អូនស្រីបានរកឃើញដៃគូជីវិត។
សូមអបអរសាទរ និងជូនពរពីចង្ងាយដល់ប្អូនស្រីកញ្ញា និងស្វាមីក្នុងថ្ងៃជ័យមង្គលទទួលបាននៅសុខ សុភមង្គល និងស្រឡាញ់គ្នាជារៀងរហូត !!!
”។

ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នេះ គឺជាថ្ងៃមង្គលការ របស់កំពូលតារាចម្រៀងស្រី ប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ជាមួយនឹងលោក អ៊ឹង សុខលី ដែលជាប្អូនប្រុសថៅកែហង្សមាស។ ក្រៅពីការផ្តល់កិត្តិយសយ៉ាងធំធេង ពីថ្នាក់ដឹកនាំកំពូលរបស់ប្រទេសហើយនោះ គូស្វាមីភរិយាថ្មីថ្មោងទាំងពីរ ក៏ទទួលបាននូវពរជ័យ ក៏ដូចជាការសារទរជាច្រើន ពីសំណាក់សាច់ញាតិបងប្អូនទាំងសងខាង និងអ្នករួមជាជីពជាមួយគ្នាផងដែរ៕