ភ្នំពេញ៖ ជនសង្ស័យ២នាក់ ឆក់ទូរស័ព្ទដៃបានសម្រេច រួចព្យាយាមជិះរត់គេច តែត្រូវជនរងគ្រោះដេញតាមស្រែកចោរៗ ផ្អើលដល់ប៉ូលិស ស្ទាក់ដេញ រត់ហត់ធ្លាក់អណ្ដាតកាត់វាលស្រែ ទម្រាំចាប់បានទាំង២នាក់ នាំទៅសាកសួរនៅប៉ុស្តិ៍ពងទឹក រួចបញ្ជូនទៅ ប៉ុស្តិ៍ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ជាកន្លែងកើតហេតុវិញ ។ ករណីឆក់ទូរស័ព្ទដៃនេះ បានកើតឡើងកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទាំង២នាក់ ចាប់ខ្លួនបាន ទី១ ឈ្មោះ ម៉ន ដារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ៍ មានទីលំនៅ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។ ទី២ ឈ្មោះ នៅ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ចំណែកជនរងគ្រោះ ឈ្មោះ សុខ សុភ័ក្រ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ ទូរស័ព្ទដែល ជនសង្ស័យឆក់យក ម៉ាក I phone 7 plush ពណ៌ប្រផេះ (បានដកហូតមកវិញ )។

មុនពេលកើតហេតុ ស្រ្តីរងគ្រោះទើបវិលត្រឡប់មកពីយកម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AX-9134 ពីម្តាយមីង នៅរោងចក្រសីកូ ។ លុះពេលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចមុខផ្ទះសំអាងការ ស្រី ពៅ ស្រាប់តែជនលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY-6229 តាមពីក្រោយ មកដល់ទន្ទឹម ជនសង្ស័យជិះខាងក្រោយ បានលូកដៃឆក់យកទូរស័ព្ទដៃ ពីឃ្លប់ម៉ូតូ ខាងមុខ បានសម្រេច ហើយព្យាយាមជិះរត់គេច តែត្រូវស្រ្តីរងគ្រោះដេញតាមស្រែកចោរៗ ផ្អើលដល់ប៉ូលិស និងប្រជាពលរដ្ឋនាំគ្នាស្ទាក់ដេញ រត់កាត់វាលស្រែអស់មួយសម្ទុះធំ ទម្រាំចាប់បានទាំង២នាក់ ។

ជនសង្ស័យបានសារភាំពថា ពួកខ្លួនអត់មានលុយ សម្រាប់ជួលបន្ទប់ដេក ឆ្លៀតឱកាសឃើញនារីរងគ្រោះជិះម៉ូតូតាមផ្លូវ ក៏ឆក់ទូរស័ព្ទដៃ បានសម្រេចហើយតែ រត់មិនរួច ត្រូវប៉ូលិសចាប់ខ្លួនបាន ។
ជនសង្ស័យ ត្រូវប៉ូលិសប៉ុស្តិ៍ពងទឹក សាកសួ និងរកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនីតិវិធី ៕