ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ពិធីហែជំនួនមង្គលការរបស់ កញ្ញា ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី បានធ្វើឡើងយ៉ាងអធិកអធម ដោយមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស សាច់ញាតិក្រុមគ្រួសារទាំងសងខាង ក្នុងនោះគេសង្កេតឃើញមានវត្តមានសិល្បករ-សិល្បការិនីល្បីៗ ជាច្រើនរូបផងដែរ។

នៅក្នុងកម្មវិធីហែជំនូនមង្គលការរបស់កំពូលតារាចម្រៀងរូបនោះ ក្រៅពីក្រុមគ្រួសារទាំងសងខាង និងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ម៉ែន សំអន គេឃើញវត្តមាន តារាចម្រៀង ឆន សុវណ្ណរាជ, លោកណុប បាយ៉ារិទិ្ធ, លោកថម មី, កញ្ញាសួស វីសា ,កញ្ញាចំរើន សុភ័ក្រ្ត, អ្នកនាងកែវ ចាន់និមល ,កញ្ញាឈិត សុវណ្ណបញ្ញា, កញ្ញាវី ឌីណែត, អ្នកនាងពេជ្រ សោភា, កញ្ញាប៉ាច គីមមួយ, អ្នកនាងសុគន្ធ និសា ,កញ្ញាថន លក្ខិណា រួមទាំងសិល្បករ-សិល្បការិនីជាច្រើនរូបទៀត នៅក្នុងផលិតកម្មរស្មីហង្សមាស និងក្នុងរង្វង់វិស័យសិល្បៈ។

ជាការកត់សម្គាល់ នៅក្នុងពិធីហែជំនូននាព្រឹកនេះ វត្តមានក្រុមគ្រួសារទាំងសងខាង ភ្ញៀវកិត្តិយសអ្នកមុខអ្នកមាត់ សិល្បករ-សិល្បការិនី ដែលបានចូលរួមពិធីនោះ ម្នាក់ៗសុទ្ធតែពោរពេញដោយស្នាមញញឹម និងទឹកមុខសប្បាយរីករាយ ធ្វើឲ្យកម្មវិធីទាំងមូលមានភាពអធិកអធម ហើយកម្មវិធីទទួលភ្ញៀវពិសាភោជនាហារនឹងចាប់ផ្ដើមចាប់ពីម៉ោង៤ រសៀលតទៅ នៅឯសណ្ឋាគារសុខាត្រើយខាងកើត៕