សិល្បៈ៖ កំពូលតារាចម្រៀងស្រីជួរមុខ ក្នុងប្រទេសកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា បានធ្វើឲ្យកក្រើកក្នុងវង្វង់សិល្បៈ និងមហាជនជាខ្លាំង មិនថាចាស់ ឬក្មេងនោះទេ នៅក្នុងថ្ងៃមង្គលការរបស់នាងជាមួយប្អូនប្រុសថៅកែផលិតកម្មហង្សមាស ដោយនាងពាក់គ្រឿងអលង្ការសុទ្ធតែជាពេជ្រ មានតម្លៃរាប់ម៉ឺន ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនាំគ្នាអួតសរសើ និងចែកចាយព្រោងព្រាត។

កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ កំពូលតារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ប្អូនប្រុសថៅកែផលិតកម្មហង្សមាស បានធ្វើពិធីសូត្រមន្ដ ក្រុងពលី រៀបមង្គការ ដោយមានចាស់ទុំក្រុមគ្រួសារទាំងសងខាង ញាតិមិត្ត និងអ្នកមុខអ្នកមាត់ចូលរួមយ៉ាងអធិកអធម តែអ្វីដែលមហាជនមានការកត់សម្គាល់នោះ គឺគ្រឿងអលង្ការដែលកំពូលតារាចម្រៀងរូបនេះ ពាក់ជាប់នឹងខ្លួនតែម្តង មើលទៅស្រស់ស្អាត និងមានតម្លៃកប់ពពក។

ប្រភពមួយបានបង្ហើបឱ្យដឹងថា គ្រឿងអលង្ការដែលតុបតែងលើខ្លួនកូនក្រមុំ កញ្ញា ឱក សុគន្ធកញ្ញា នៅក្នុងពិធីសូត្រមន្តថ្ងៃរៀបការនោះ គឺខ្សែកមានតម្លៃ ២៦ ០០០ដុល្លារ, ក្រវិល ៤ ៣៥០ដុល្លារ, កងដៃ ៨ ៥៥០ដុល្លារ, ចិញ្ចៀន ៣ ៣០០ដុល្លារ ដោយសរុបទាំងអស់ គឺតម្លៃ ៤២ ២០០ដុល្លារ ឯណោះ ៕